ព័ត៌មានសេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចង់ឆក់យកបុគ្គលិកល្អរបស់ស្ថាប័នផ្សេង ត្រូវសងថ្លៃអប់រំ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រោងនឹងអនុវត្តគោលការណ៍ដ៏ថ្មីមួយ នៅខែកញ្ញា ខាងមុខនេះ ហៅថា មូលនិធិអភិវឌ្ឍន៍បុគ្គលិក សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោក ប៊ុន មុនី ទីប្រឹក្សាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា មូលនិធិអភិវឌ្ឍន៍បុគ្គលិកនេះ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ ឬកាត់បន្ថយការឆក់យកបុគ្គលិកល្អៗ ពីស្ថាប័នមួយ ឲ្យទៅធ្វើការនៅស្ថាប័នថ្មីមួយទៀត។

ឧទាហរណ៍ បើសិនជា ស្ថាប័ន A មានបំណងឆក់យក បុគ្គលិករបស់ស្ថាប័ន B ឲ្យមកធ្វើការនៅស្ថាប័ន A គឺ ស្ថាប័ន A ត្រូវសងជា មូលនិធិអភិវឌ្ឍន៍បុគ្គលិក (គិតជាទឹកប្រាក់ អាចស្នើនឹង ២ដងនៃប្រាក់ខែថ្មី) ទៅស្ថាប័ន B ដើម្បីយកទៅប្រើប្រាស់សម្រាប់បណ្តុះបណ្តាលបុគ្គលិកថ្មី។

យ៉ាងណាមិញ គោលបំណងនៃការបង្កើត មូលនិធិអភិវឌ្ឍន៍បុគ្គលិក នេះឡើង គឺដើម្បីចង់ឲ្យ ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ព្យាយាមបណ្តុះបណ្តាល បុគ្គលិកឲ្យបានល្អ និងមានសមត្ថភាពកាន់តែប្រសើរឡើង។

លើសពីនេះទៅទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏គ្រោងនឹងបង្កើត វិទ្យាស្ថានបណ្តុះបណ្តាលជំនាញមីក្រូហិរញ្ញវត្ថុ នៅចុងឆ្នាំ ២០១៧នេះ ដែលអាចនឹងចំណាយទឹកប្រាក់ប្រមាណ ៣សែនដុល្លារអាមេរិកជាដំបូង ដើម្បីផ្តល់ជំនាញ និងវិជ្ជាជីវៈមីក្រូហិរញ្ញវត្ថុដល់ និស្សិតកម្ពុជា៕

មតិយោបល់