ខេត្តកែប នឹងក្លាយជាទីក្រុងបៃតង ក្រោយការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យទំហំ ១០មេហ្គាវ៉ាត់ លើផ្ទៃដីប្រមាណ ២០ហិកតា។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃនេះ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ពិតជាចង់បានការអភិវឌ្ឍន៍ថាលពលពន្លឺព្រះអាទិត្យ ក្នុងគោលដៅប្រែក្លាយ ទីក្រុងកែបឲ្យទៅជា ទីក្រុងទេសចរណ៍ធម្មជាតិ ឬទីក្រុងបៃតង។
ទីក្រុងកែប មានសក្តានុពលខ្ពស់ ដោយមាន ឆ្នេរស្អាត ជីវចម្រុះធម្មជាតិ ឧទ្យានធម្មជាតិ និងកោះដ៏ស្រស់ស្អាត សមស្របបំផុតសម្រាប់បម្រើឲ្យទេសចរណ៍ធម្មជាតិ។
វិទ្យាស្ថានអភិវឌ្ឍន៍បៃតង គឺជាអ្នកបង្កើតគម្រោងថាមពលពន្លឺព្រះអាទិត្យនេះ ហើយលោក សាយ សំអាល់ ក៏បានស្នើឲ្យពិចារណាលើ ការចែកចាយថាមពលដោយផ្ទាល់ពីគម្រោង ទៅកាន់ប្រជាពលរដ្ឋក្នុងក្រុង ឬតំបន់ទេសចរណ៍ ដើម្បីកាត់បន្ថយតម្លៃលក់។
គួរជម្រាបដែរថា ទីក្រុងកែប និងទីក្រុងពោធិ៍សាត់ ត្រូវបានជ្រើសរើសជា ទីក្រុងទទួលបានពានរង្វាន់អាស៊ានផ្នែកនិរន្តរភាពបរិស្ថាន ដែលនេះជាការវាយតម្លៃនៅក្នុង កិច្ចប្រជុំក្រុមការងារអាស៊ាន ទទួលបន្ទុកនិរន្តរភាពបរិស្ថានទីក្រុងលើកទី ១៥ ដោយផ្តោតសំខាន់ទៅលើ សូចនាករ ៣សំខាន់គឺ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត៕
មតិយោបល់