ឥណ្ឌាៈ កងនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាពិឃាត US Nimitz បានមកដល់ប្រទេសឥណ្ឌាហើយ ដើម្បីចូលរួមសមយុទ្ធកងទ័ពជើងទឹក ជាមួយកងនាវាជប៉ុន និងឥណ្ឌា ដែលត្រូវបានគេឈ្មោះថា សមយុទ្ធ Malabar 2017។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។
មេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក Rear Adm. William Byrne បានប្រាប់អ្នកកាសែតថា សមយុទ្ធនេះ គឺ ជាការសារមួយផ្ញើទៅកាន់ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាការបញ្ឆេះកំហឹងដល់ទីក្រុងប៉េកាំង។
Malabar 2017 ជាសមយុទ្ធត្រីភាគី ដែលបានរៀបចំឡើងដោយកងនាវាឥណ្ឌា នៅទីក្រុង Chennai និងឈូងសមុទ្រ Bengal។
កងនាវាចរអាមេរិក បានពន្យល់ថា សមយុទ្ធនេះ ជាផ្នែកហ្វឹកហ្វឺនរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩២ ដើម្បីដោះស្រាយការគំរាមកំហែងរួមគ្នា ចំពោះសន្តិសុខដែនសមុទ្រ នៅឥណ្ឌូអាស៊ី និងប៉ាស៊ីហ្វិក។
គួរបញ្ជាក់ដែរថា សមយុទ្ធយោធានេះ ធ្វើឡើងចំពេលផ្ទុះអំពើហិង្សាជាថ្មី នៅឯតំបន់ព្រំដែនរវាងចិន និងឥណ្ឌា ខណៈដែលភាគីពាក់ព័ន្ធនឹងវា បានអះអាងថា ពួកគេមិនមានបំណងអ្វីផ្សេងក្រៅតែពីការលើកកម្ពស់, ការស្វែងយល់លើការធ្វើប្រតិបត្តិការរួមគ្នា និងចែករំលែកបទពិសោធន៍ឲ្យគ្នាប៉ុណ្ណោះ៕
មតិយោបល់