ព័ត៌មានជាតិ

ចៅក្រមសម្រេចឃុំខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់បណ្តោះអាសន្នហើយ!

កណ្ដាលៈ បុរសម្នាក់ជាអ្នកកត់ឆ្នោតវៀតណាម ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា។

ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅបានបង្ហើបឲ្យដឹងថា ល្បែងស៊ីសងនៅក្រុងតាខ្មៅមានច្រើនកន្លែងទៀត គម្បីសមត្ថកិច្ចកុំមើលរំលង ដែលប្រជាពលរដ្ឋនិយាយថា “កុំបង្ក្រាបអាតូចទុកអាធំជាឆ្នាំងបាយ”។

លោក សំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យឈ្មោះ ស វឌ្ឍនា ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានលោក សូ សុវិទ្យា ជាព្រះរាជអាជ្ញារង ចោទប្រកាន់តាមមាត្រា៥ ស្តីពីការបង្ក្រាបល្បែងស៊ីសង។

មាត្រា៥នៃច្បាប់នេះ ចែងថា ” ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់២០លានរៀល និងដាក់គុកពី១ឆ្នាំ ទៅ៥ឆ្នាំ ចំពោះអ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យនិងដាក់គុកខាងលើនេះជាអតិបរមា។

សូមរំលឹកថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ៤៧៥ ផ្លូវ១០៦ ភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ស វឌ្ឍនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោត(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន វិញ្ញាបនបត្របញ្ជាក់ការផ្តល់សិទ្ធិលក់ឆ្នោត៥ខ្ទង់(5D) ១សន្លឹក ក្រដាសកត់ឆ្នោតវៀតណាមរួច ៤សន្លឹក(ធំ១ តូច៣ ) ក្រដាសលទ្ធផលឆ្នោតវៀតណាម ១ដុំ
ម៉ាស៊ីនគិតលេខ១គ្រឿង ប៊ិក៤ដើម ក្រដាសCABONEX១សន្លឹកប្រាក់រៀល ៤៨០០០រៀល និងកាបូបស្ពាយពណ៌ខ្មៅ១។

នៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានចុះបង្ក្រាបទីតាំងកត់ឆ្នោត(កន្ទុយលេខ)មួយកន្លែងនៅចំណុចកើតហេតុខាងលើ ដោយឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ស វឌ្ឍនា រួមទាំងវត្ថុតាងដូចខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានកត់ឆ្នោតខ្មែរលាយឆ្នោតវៀតណាម (កន្ទុយលេខ)ប្រាកដមែន៕

មតិយោបល់