ការវាយកម្ទេចអគារប៊ូឌីញ ស ទាំងស្រុង នឹងចំណាយពេលប្រមាណ ៤ខែ ដោយធ្វើតាមបទដ្ឋានបច្ចេកទេសទំនើប ការពារបរិស្ថាន ការពារសម្លេង ការពារធូលីហុយ និងមិនឲ្យប៉ះពាល់ដល់ប្រជាជនជុំវិញតំបន់នោះទេ។ នេះបើយោងតាមការឲ្យដឹងពី លោក បេងហុង សុខជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
សកម្មភាពរុះរើអគារនេះ គឺអាចចាប់ផ្តើមពីថ្ងៃនេះ ខណៈពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខលើការវាយកម្ទេចអគារនេះ ក៏បានបញ្ចប់រួចរាល់ដែរ។
យ៉ាងណាមិញ បុគ្គលិកក្រុមហ៊ុន ពិស្ណុកា ដែលទទួលការងារវាយកម្ទេចអគារប៊ូឌីញ បានឲ្យដឹងថា ការរុះរើអាចចាប់ផ្តើមពីថ្ងៃនេះ តែជាជំហានដំបូងគឺ ត្រូវប្រមូលសំរាម និងហ៊ុំព័ទ្ធសិន ដោយប្រើ សំណាញ់សុវត្ថិភាព សំណាញ់បៃតង ហើយរបាចរាចរណ៍ ត្រូវរុញទៅឆ្ងាយបន្តិច។
ការវាយកម្ទេចនេះ គឺត្រូវការគ្រឿងចក្រច្រើន ដើម្បីពន្លឿនការងារ ឲ្យបញ្ចប់ក្នុងរយៈពេលប្រមាណ ៤ខែ ហើយកម្លាំងពលកម្មត្រូវការប្រមាណ ៦០នាក់ប៉ុណ្ណោះ។
សម្រាប់ការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Arakawa ចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។
អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa៕
មតិយោបល់