នៅព្រឹកនេះ ធនាគារ ស្ថាបនា បានចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាថ្មី ដែលចំណាយទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក ដើម្បីធ្វើការផ្លាស់ប្តូរទូទាំងប្រទេស។
លោក Kato Norihiko ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ស្ថាបនា បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាថ្មីនេះ គឺជាលើកទីមួយហើយ និងជាដំណាក់កាលដ៏សំខាន់ ក្នុងការផ្លាស់ប្តូរថ្មីមួយ របស់ ធនាគារ ស្ថាបនា ក្នុងការបម្រើជូនអតិថិជន ឲ្យកាន់តែទូលំទូលាយជាងមុន។
លើសពីនេះទៅទៀត ការផ្លាស់ប្តូរ ស្លាកសញ្ញាថ្មីនេះ ពុំមានប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារទេ គឺកាន់តែជម្រុញឲ្យ ការផ្តល់សេវាធនាគារ កាន់តែមានប្រសិទ្ធភាព ប្រកបដោយភាពច្នៃប្រឌិត បច្ចេកវិទ្យា និងមានស្តង់ដាធនាគារពាណិជ្ជសមស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។
ស្លាកសញ្ញាថ្មីរបស់ ធនាគារ ស្ថាបនា ត្រូវបានបង្កើតឡើង ដោយបញ្ចូលនូវគោលគំនិតជាច្រើន មានដូចជា ភ្នំហ្វូជី រចនាសម្ព័ន្ធនៃសំបុកឃ្មុំ ប្រអប់ដាក់ប្រាក់សុវត្ថិភាព និងការឆ្លុះបញ្ចាំងអំពី កញ្ចក់បង្អួចពណ៌ផ្ទៃមេឃ របស់អគារទំនើបស្កឹមស្កៃ ហើយវាតំណាងឲ្យគុណតម្លៃសំខាន់ៗ រួមមាន ភាពរឹងមាំ សុវត្ថិភាព ស្ថេរភាព ភាពជឿជាក់ តម្លាភាព និងការប្តេជ្ញា។
ទាក់ទងនឹងបរិយាកាសនៃវិស័យធនាគារ ដែលកៀកនឹងពេលបោះឆ្នោត ឆ្នាំ ២០១៨ខាងមុខនេះ លោក Kato បានលើកឡើងថា ពុំមានភាពខ្វល់ខ្វាយណាមួយ ដែលធ្វើឲ្យប៉ះពាល់ ធនាគារ ស្ថាបនា ឡើយ ដោយសារតែ សេដ្ឋកិច្ចកម្ពុជា កំពុងតែរីកចម្រើនយ៉ាងល្អប្រសើរ ហើយបទពិសោធន៍នាពេលបោះឆ្នោតចុងក្រោយ ក៏គ្មានបង្ហាញសញ្ញាណអវិជ្ជមានផងដែរ។
គួររម្លឹកដែរថា ធនាគារស្ថាបនា បានក្លាយខ្លួនជា ធនាគារពាណិជ្ជនាំមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មលើស ១ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០១៧នេះ៕
មតិយោបល់