ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអនុវត្តន៍វិធានការផ្លូវច្បាប់ចំពោះ ស្ថាបត្យករបរទេស ដែលមិនបានចុះបញ្ជីក្នុងគណៈវិស្វករកម្ពុជា ដើម្បីកាត់បន្ថយជនបរទេស ដែលមកដណ្តើមការងារស្ថាបត្យរកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងចុះទៅដល់ ការដ្ឋានសាងសង់សំណង់អគារនានា នៅទូទាំងប្រទេស នាពេលឆាប់ៗនេះ ដើម្បីចុះត្រួតពិនិត្យរកភាពស្របច្បាប់របស់កម្មករ និងស្ថាបត្យករបរទេស ដែលកំពុងបម្រើការងារលើ វិស័យសំណង់ និងការសាងសង់ក្នុងប្រទេសកម្ពុជា។
លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យរកភាពស្របច្បាប់ដល់ស្ថាបត្យករបរទេស ដែលកំពុងបម្រើការនៅកម្ពុជា ពុំមែនជាការរើសអើងពូជសាសន៍ឡើយ ប៉ុន្តែជាការអនុវត្តន៍តាមផ្លូវច្បាប់ ដើម្បីចង់ឲ្យនិស្សិតខ្មែរ ដែលបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងសំណង់ចេញមកមានទីផ្សារការងារធ្វើគ្រប់គ្រាន់។
លោក បន្តឲ្យដឹងថា សម្រាប់ស្ថាបត្យករបរទេសណា ដែលមិនចុះបញ្ជីស្របច្បាប់នៅគណៈវិស្វករ ជាវិធានការដំបូងគឺ ជម្រុញជនបរទេសនោះ ត្រូវមកចុះបញ្ជីនៅគណៈវិស្វករ ប៉ុន្តែបើនៅរឹងទទឹង គឺចាត់វិធានការចាប់បញ្ជូនត្រលប់ទៅស្រុកកំណើតវិញ។
សម្រាប់ស្ថាបត្យករបរទេសមកពី ប្រទេសអាស៊ានទាំង ១០ ត្រូវបានលើកលែង ប៉ុន្តែត្រូវតែចុះបញ្ជីនៅ គណៈវិស្វករតាមប្រទេសរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា ការពង្រឹងវិធានការច្បាប់នេះ គឺស្របពេលដែលវិស័យសំណង់នៅកម្ពុជា កំពុងមានកំណើនកើនឡើងខ្លាំង គិតក្នុងរយៈពេល ៧ខែ ឆ្នាំ ២០១៧ មានទុនវិនិយោគលើ វិស័យសំណង់រហូតដល់ជាង ៥ពាន់លានដុល្លារអាមេរិក គឺកើនឡើងជាង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកក្រុមហ៊ុនសំណង់ ដែលបានចុះបញ្ជីមានចំនួន ២០៤០ក្រុមហ៊ុន ខណៈកម្មករសំណង់ និងកម្មករជំនាញលើវិស័យសំណង់មានរហូតដល់ជាង ២០ម៉ឺននាក់៕
មតិយោបល់