ព័ត៌មានជាតិ

មុខនេះសមនឹងចោរមែន! ចាប់បានសំបុកក្រុមចោរកាប់ប្លន់ប្រដាប់ដោយស៊ាំម៉ូរ៉ៃយ៉ាងសកម្ម២នាក់

មុខនេះសមនឹងចោរមែន! ចាប់បានសំបុកក្រុមចោរកាប់ប្លន់ប្រដាប់ដោយស៊ាំម៉ូរ៉ៃយ៉ាងសកម្ម២នាក់
ព្រះសីហនុៈ ជនសង្ស័យជាចោរប្លន់ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីទទួលបានពាក្យបណ្តឹងពីសង្សារមួយគូ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះ សីហនុ និងមិត្តប្រុសបានប្តឹងរាយការណ៍ថា ៖ នៅវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នាងបានមកហូបបបរជាមួយមិត្តប្រុស លុះត្រឡប់មកផ្ទះវិញត្រង់ចំណុចផ្លូវចាក់បេតុង ត្រង់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ បានធ្វើឲ្យម៉ូតូជនរងគ្រោះដួលទៅលើដី រួចជនសង្ស័យទាំង២នាក់ កាន់កាំបិតម្នាក់មួយដើម ភ្ជង់គំរាមកាប់នាងខ្ញុំនិងមិត្តប្រុស បើមិនព្រមឲ្យពួកវាទេនឹងចាក់កាប់សម្លាប់ចោល ។

ក្នុងនោះ សម្ភារៈដែលជនសង្ស័យប្លន់យកទៅរួមមាន ៖ ម៉ូតូម៉ាកហុងដា ZOOMER-X ពណ៌ក្រហម១គ្រឿង ផលិតឆ្នាំ២០១៦ ,ទូរស័ព្ទម៉ាក IPhone 7 Plus ពណ៌ខ្មៅ២គ្រឿង និងលុយ ៣០០ដុល្លារ ។

ក្រោយមក ដោយមានការចង្អុលដឹកនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានប្រគល់ភារៈកិច្ចឲ្យកម្លាំងជំនាញការិយា ល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ផ្តន្ទាទោសតាមច្បាប់ ។

ក្រោយពីការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុតតាមជំនាញនគរបាល កំណត់មុខសញ្ញាសង្ស័យ ឈានទៅចាប់ខ្លួនបានចំនួន២នាក់ នៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដែលទី១ឈ្មោះ ជាម ប្រុស ហៅប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ចារីដៃដល់) និងជនសង្ស័យទី២ឈ្មោះ ចុង សុខជា ហៅជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ចារីដៃដល់) ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូម៉ាក ZOOMER-X ចំនួន១គ្រឿង« ផលចោរកម្ម » ,ម៉ូតូម៉ាកអ៊ែប្លែត ចំនួន១គ្រឿង « មធ្យោបាយធ្វើសកម្មភាព »,
ទូរសព្ទដៃចំនួន៤គ្រឿង ម៉ាក IPhone 7 Plus ចំនួនគ្រឿង «ផលចោរកម្ម »,កាំបិតកាចែត ចំនួន២ដើម « ឧបករណ៍សម្រាប់ប្លន់ »។

ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានសារភាពទាំងស្រុង ដូចបណ្តឹងរបស់ជនរងគ្រោះខាងលើ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិខាងលើ ត្រូវបានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ ចំណែកជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្ត តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់