Post News Media ព័ត៌មានសេដ្ឋកិច្ច ធនាគារពិភពលោក...

ធនាគារពិភពលោក ផ្តល់រង្វាន់ជិត១០ម៉ឺន$ លើការស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទនៅកម្ពុជា

ក្រុមធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ (Sexual Violence Research Initiative) កាលពីពេលថ្មីៗនេះ បានផ្តល់រង្វាន់ទឹកប្រាក់ ចំនួន ៩៩,៩០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យ Monash University សម្រាប់ធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជា ដែលមានគោលបំណងជួយកាត់បន្ថយឧប្បត្តិហេតុនៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រង្វាន់នេះជាផ្នែកមួយនៃកម្មវិធី «ការអភិវឌ្ឍទីផ្សារឱ្យ មាននវានុវត្តភាព ដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឆ្នាំ២០១៨» នឹងជួយអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និង សាកលវិទ្យាល័យ Monash University នៅប្រទេសអូស្រ្ដាលី ធ្វើការស្ទង់រកមើលអានុភាព ផ្នែកវប្បធម៌ដែលជាឬសគល់នាំឱ្យ មានអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងធ្វើតេស្ដមើលថា អន្ដរាគមន៍នានាពី សំណាក់ព្រះសង្ឃ និងយាយជី អាចរួមវិភាគទានដល់ការទប់ស្កាត់អំពើ ហិង្សាលើផ្លូវភេទ។

លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន នាយកគ្រប់គ្រងធនាគារពិភពលោកស្តីទី សម្រាប់ប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា សម្រេចបានវឌ្ឍនភាពច្រើន ក្នុងការប្រឆាំងទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក៏ប៉ុន្តែការយល់ដឹងអំពីឥរិយាបថ ផ្នែកវប្បធម៌ជា សមាសភាគមួយមានសារ:សំខាន់ សម្រាប់ធ្វើយ៉ាងណាធានាឱ្យការឆ្លើយតបទៅអំពើហិង្សា ទាក់ទងនឹងយេនឌ័រ សម្រេចបានជោគជ័យ។

យោងតាមអង្គការសុខភាពពិភពលោកបានធ្វើការប៉ាន់ស្មានថា ៣៥ភាគរយនៃស្រ្ដីទូទាំងពិភពលោក ធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយ ឬអំពើហិង្សាលើផ្លូវភេទពីសំណាក់ដៃគូរបស់ខ្លួន ឬអំពើហិង្សាលើផ្លូវភេទពីសំណាក់ជនមិនមែនជាដៃគូពេញមួយដំណើរជីវិតរបស់ពួកគេ។

ទន្ទឹមនេះ បើតាមទីភ្នាក់អង្គការសហប្រជាជាតិសម្រាប់លើកកម្ពស់សមភាពយេនឌ័រ UN Women ប្រចាំនៅប្រទេសកម្ពុជា យ៉ាងហោចណាស់មានស្រ្ដីកម្ពុជាម្នាក់ក្នុងចំណោម៥នាក់ ជាជនរងគ្រោះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយជាងពាក់កណ្ដាលនៃចំនួន កុមារទាំង អស់រងនូវអំពើហិង្សាលើរាងកាយក្នុងទម្រង់ណាមួយពីសំណាក់ដៃគូស្និទ្ធស្នាល ឪពុក ម្ដាយ ញាតិសន្ដានពេញវ័យ ឬពីសំណាក់សមាជិកក្នុងសហគមន៍របស់ពួកគេ។

លោកស្រី ការ៉េន ក្រោន នាយកជាន់ខ្ពស់ផ្នែកយេនឌ័រ របស់ក្រុមធនាគារពិភពលោក បាន ថ្លែងថា ការសិក្សាជាច្រើន បានឱ្យដឹងថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ អាចបណ្តាល ឱ្យមាន ការបង់ខាត ផ្នែកសេដ្ឋកិច្ចរហូតដល់ទៅ ៣.៧ ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែផលិតភាព ផ្នែកសេដ្ឋកិច្ចត្រូវបានបាត់បង់ ថែមពីលើគ្រោះថ្នាក់ ដោយផ្ទាល់ដែលមានទៅលើស្ត្រី និង បុរស ជាជនរងគ្រោះ។

សូមបញ្ជាក់ថា កម្មវិធីស្រាវជ្រាវការអភិវឌ្ឍទីផ្សារនេះ ត្រូវបានសម្ពោធឡើង នៅឆ្នាំ២០១៥ ជាការឧទ្ទិសដល់អនុស្សាវរីយ៍របស់នាង ហាណា ក្រាហាម ដែលកូនស្រី របស់បុគ្គលិកយូរឆ្នាំម្នាក់របស់ក្រុមធនាគារពិភពលោក។

កម្មវិធីនេះ ជាការប្រកួតប្រជែងប្រចាំឆ្នាំ សម្រាប់អ្នក ស្រាវជ្រាវដែលស្វែងរក ដំណោះស្រាយបែប នវានុវត្តដែលអាចជួយដល់បុគ្គល សហគមន៍ និងប្រទេសនានា ក្នុងការបង្ក្រាបអំពើហិង្សា ទាក់ទងនឹងយេនឌ័រ៕