ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចិនមួយមានគម្រោងសាងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលផ្ដល់ការស្នាក់នៅដល់ប្រជាជនប្រមាណ២លាននាក់

ភ្នំពេញៈ លោក យ៉ាង កូវឈាំង ប្រធានក្រុមហ៊ុនចិន ឈ្មោះ Country Garden Holdings Company Limited បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីថា ក្រុមហ៊ុនរបស់លោកចង់សាងសង់ទីក្រុងទំនើបមួយនៅកម្ពុជា ដែលអាចឲ្យប្រជាជនស្នាក់នៅបានប្រមាណជា២លាននាក់។ ការជម្រាបជូនរបស់លោក យ៉ាង កូវឈាំង ដូចនេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី២៦ ខែឧសភានេះ។

ជំនួយការផ្ទាល់សម្ដេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក យ៉ាង កូវឈាំង បានជម្រាបជូនសម្ដេចតេជោថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា ហើយលោកមានបំណងចង់ពិនិត្យ និងសិក្សាស្រាវជ្រាវ លើការវិនិយោគការសាងសង់ទីក្រុងមួយនៅកម្ពុជា។ លោក យ៉ាង កូវឈាំង បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានថវិកាប្រមាណ៥ពាន់លានដុល្លារ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់លោកកំពុងតែវិនិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់ទីក្រុងមួយ ដែលអាចផ្ដល់កន្លែងស្នាក់នៅជូនប្រជាជនប្រមាណជា២លាននាក់ ហើយទីក្រុងនេះសាងសង់នៅជាប់ព្រំដែនប្រទេសសឹង្ហបុរី ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី។

ក្នុងន័យនេះ ប្រធានក្រុមហ៊ុនចិនរូបនេះ បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកចង់សាងសង់ទីក្រុងទំនើបដូចគ្នានេះ នៅកម្ពុជាដែរ ហើយការជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដីនាពេលនេះ ក៏ដើម្បីចង់បានអនុសាសន៍មួយចំនួនផងដែរ។ លោក កូវឈាំង បញ្ជាក់ថា ទីក្រុងដែលក្រុមហ៊ុនរបស់លោកចង់បង្កើតនៅកម្ពុជា នាពេលខាងមុខនេះ ក្នុងគោលបំណងជួយរំដោះការកកស្ទះចរាចរផង និងសាងសង់ទីក្រុងថ្មីមួយ ដែលមានលក្ខណៈទំនើប និងសោភ័ណភាពល្អផង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការសិក្សាស្វែងយល់ពីការសាងសង់ទីក្រុងទំនើប ហើយសម្ដេតេជោ បានផ្ដល់អនុសាសន៍មួយចំនួនទៅលើការសិក្សាគម្រោងប្លង់មេ ដើម្បីពិនិត្យថា តើតំបន់ណាអាចសាងសង់បាន និងតំបន់ណាមួយមិនអាចសាង់បាន ហើយត្រូវសិក្សាជាមួយមន្រ្ដីនៅតាមស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាសិក្សាឲ្យបានម៉ត់ចត់ មុនធ្វើការវិនិយោគ ព្រោះថា ការវិនិយោគនេះ ជាការវិនិយោគធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចំរើនផងដែរ៕

photo_2016-05-26_19-28-40 photo_2016-05-26_19-28-43

មតិយោបល់