ភ្នំពេញៈ សេចក្ដីប្រកាសព័ត៌មានរបស់ខុទ្ធកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា មានជនខិលខូចមួយចំនួនបានយកឈ្មោះ លោក ប្រាក់ វណ្ណឌី បច្ចុប្បន្នជានាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅឆបោកក្នុងរូបភាពផ្សេងៗ ដើម្បីប្រមូលប្រាក់ ឬសម្ភារផ្សេងៗ តាមរយៈប្រព័ន្ធវីង។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ជនខិលខូចបានយកឈ្មោះ លោក ប្រាក់ វណ្ណឌី ទៅដើរបោកប្រាស់រកប្រាក់ក្នុងរូបភាពផ្សេងៗ ដោយអះអាងថា រូបគេជាលោក ប្រាក់ វណ្ណឌី។ ជនខិលខូចទាំងនោះ គេធ្វើឡើងដើម្បីរៃអង្គាសជាសម្ភារៈ ឬថវិកាសម្រាប់យកមកចាត់ចែងធ្វើបុណ្យ ឬកសាងអ្វីមួយ ដោយយកឈ្មោះសម្ដេចតេជោ ហ៊ុន សែន ឬសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកផ្ដួចផ្ដើមបុណ្យ ឬក៏សន្យាដំឡើងបុណ្យស័ក្តិជាដើម ហើយទាមទារឲ្យសប្បុរជនចូលរួមវិភាគទានទាំងនោះ ដោយវេរប្រាក់តាមប្រព័ន្ធ វីង។
សេចក្ដីបញ្ជាក់ផងដែរថា ក្នុងករណីលោក ប្រាក់ វណ្ណឌី ចង់ប្រារព្ធពិធីអ្វីមួយ លោកនឹងធ្វើលិខិតដោយលាយល័ក្ខអក្សរគោរពអញ្ជើញត្រឹមត្រូវ ដើម្បីចូលរួមក្នុងពិធីនោះ។ មិនមែនអំពាវនាវសុំថវិកាតាមរយៈប្រព័ន្ធវីងបែបនេះទេ។
ពាក់ព័ន្ធករណីនេះ ខុទ្ទកាល័យសម្ដេចតេជោ បានធ្វើការថ្កោលទោសចំពោះជនដែលប្រើឈ្មោះលោក ប្រាក់ វណ្ណឌី ក្នុងគ្រប់ទង្វើទុច្ចរិតទាំងអស់ និងសុំឲ្យសាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះជនខិលខូច ហើយក៏សុំឲ្យសហការជួយផ្ដល់ព័ត៌មាន ដើម្បីចាប់ជនទុច្ចរិតឆបោកទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕
មតិយោបល់