ព័ត៌មានសេដ្ឋកិច្ច

ភ្ជុំបិណ្ឌ ៣ថ្ងៃ ភ្ញៀវទេសចរជាង ១លាននាក់ ដើរកម្សាន្តស្ទើរគ្រប់ខេត្តក្រុង

នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា ប្រមាណជាង ១លាននាក់ ដែលមានកំណើន ១៥ភាគរយ ធៀបនឹងឆ្នាំ ២០១៦។ នេះបើតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។

ក្នុងនោះដែរ ភ្ញៀវទេសចរជាតិមានប្រមាណ ១លាន១ម៉ឺននាក់ កើនឡើងប្រមាណ ១៥ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ៤ម៉ឺននាក់ កើនឡើងប្រមាណ ៦ភាគរយ។

ខេត្តសៀមរាប ឈរលំដាប់លេខ ១ ទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុត ខណៈខេត្តក្រុងដទៃទៀត មានកំណើនភ្ញៀវទេសចរកើនឡើងដូចគ្នា គួរឲ្យកត់សម្គាល់។

តួយ៉ាង ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១សែន៤ម៉ឺននាក់ ខេត្តព្រះសីហនុ ៩ម៉ឺននាក់ ខេត្តបាត់ដំបង ជិត ៨ម៉ឺននាក់ ខេត្តបន្ទាយមានជ័យ ៧ម៉ឺន៧ពាន់នាក់ និងខេត្តកំពត ៧ម៉ឺន៤ពាន់នាក់។

គួរជម្រាបដែរថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចម្រើនកាន់តែប្រសើរផងដែរ ដូចជា ផ្លូវចូលទៅរមណីយដ្ឋានត្រូវបានជួសជុល អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារនិងសេវាកម្ម បញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន និងបញ្ហាសន្តិសុខសុវត្ថិភាពមានភាពល្អប្រសើរឡើង៕

មតិយោបល់