នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីឲ្យដឹងថា ស្លាកលេខរថយន្តដែលមានភ្ជាប់ QR Code នឹងមិនបង្ហាញឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់រថយន្តឡើយ។
ការដាក់ QR Code លើស្លាកលេខរថយន្តនេះ នឹងបង្កភាពងាយស្រួលដល់ការគ្រប់គ្រងត្រួតពិនិត្យរបស់សមត្ថកិច្ចផងដែរ ដោយគ្រាន់តែយកទូរស័ព្ទដៃស្កេនលើស្លាកលេខ វានឹងបញ្ជាក់នូវទិន្នន័យគ្រប់ទាំងអស់ រួមមានប្រភេទរថយន្ត ពណ៌ លេខតួ លេខម៉ាស៊ីន។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការប្រើប្រាស់ QR Code នេះ គឺដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន ដែលមានបំណងចង់យកស្លាកលេខរថយន្តមួយ ទៅប្រើប្រាស់នៅលើរថយន្តផ្សេងទៀត ការពារការលួចស្លាកលេខរថយន្ត រួចយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន និងការយកស្លាកលេខចាស់ ទៅភ្ជាប់លើរថយន្តមិនបង់ពន្ធជាដើម។
លើសពីនេះទៅទៀត ក្រសួងសាធារណការ នឹងតភ្ជាប់ប្រព័ន្ធនេះជាមួយនឹងពន្ធដារ និងគយបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការស្វែងរកមើលថា យានយន្តមួយណាបង់ពន្ធ ឬមិនបង់ពន្ធ។
គួរជម្រាបដែរថា បច្ចុប្បន្ន មានរថយន្តជាង ៥សែនគ្រឿង បានចុះលេខហើយ ប៉ុន្តែមិនមានការតម្រូវឲ្យមកភ្ជាប់ QR Code នោះទេ ហើយក្រសួងសាធារណការ កំពុងពិចារណាលើការបាញ់ QR Code ជូន ដោយឥតគិតថ្លៃទៀតផង៕
មតិយោបល់