ចាប់ពីខែសីហា នេះតទៅ ស្លាកលេខម៉ូតូ នឹងមានភ្ជាប់ QR Code ដូចទៅនឹង ស្លាកលេខរថយន្តដែរ។ នេះបើតាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
បច្ចុប្បន្ន មានម៉ូតូជាង ៣.៣លានគ្រឿងហើយ ដែលបានចុះលេខរួចរាល់ ហើយវានឹងចំណាយពេលយូរ បើសិនជា ក្រសួងបាញ់ QR Code ជូនសារជាថ្មី។
អាស្រ័យហេតុនេះ ក្រសួងនឹងផ្តោតសំខាន់ទៅលើការអ៊ុត QR Code លើស្លាកលេខថ្មី ខណៈម៉ាស៊ីនអ៊ុត QR Code នឹងមកដល់កម្ពុជា បន្ថែមទៀត នាពេលឆាប់ៗខាងមុខ។
គួររម្លឹកថា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីឲ្យដឹងថា ស្លាកលេខមានភ្ជាប់ QR Code នឹងមិនបង្ហាញឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់ឡើយ។
ការប្រើប្រាស់ QR Code នេះ គឺដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន ដែលមានបំណងចង់យកស្លាកលេខចាស់ ទៅប្រើប្រាស់នៅលើម៉ូតូផ្សេងទៀត ការពារការក្លែងបន្លំស្លាកលេខសេះហោះ និងការយកស្លាកលេខចាស់ ទៅភ្ជាប់លើម៉ូតូមិនបង់ពន្ធជាដើម។
រីឯ រថយន្តជាង ៥សែនគ្រឿង បានចុះលេខរួចហើយ មិនមានការតម្រូវឲ្យមកភ្ជាប់ QR Code នោះទេ ហើយក្រសួងសាធារណការ កំពុងពិចារណាលើការបាញ់ QR Code ជូន ដោយឥតគិតថ្លៃទៀតផង៕
មតិយោបល់