ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាសង្គ្រាមពាក្យសម្ដីរវាងតារាចម្រៀង លោកម៉ៃ សុគន្ធ និងក្រុមគូបដិបក្ខ បានឡើងកំដៅកាន់តែខ្លាំង ដោយគូភាគីម្ខាងៗសុទ្ធតែបានប្រកាសយកត្រូវរៀងខ្លួននោះផង អមដោយការដាក់កំហុសដាក់គ្នាទៅវិញទៅមក។ ដើម្បីបកស្រាយជម្លោះដ៏ស្រួចស្រាលនេះ លោកម៉ៃ សុគន្ធ នឹងឡើងបង្ហាញមុខជាលើកដំបូងក្នុងកិច្ចសម្ភាសន៍រយៈពេលមួយម៉ោងកន្លះក្នុងកម្មវិធី Komsan Talkshow អមដោយការចោទសួរពីអ្នកខលចូល នៅវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃទី២៧ កក្កដានេះ។
លោកម៉ៃ សុគន្ធ និយាយថានៅវេលាល្ងាចថ្ងៃនេះលោកនឹងឡើងបង្ហាញខ្លួនក្នុងកិច្ចសម្ភាសន៍ដែលមានផ្សាយបន្តផ្ទាល់នៅលើផេក Post komsan និងមានផ្សាយបន្តដោយផេក «គ្រួសារតារកម្ពុជា» ដើម្បីមូលហេតុដែលនាំឲ្យផ្ទុះជម្លោះពាក្យសម្ដី និងបកស្រាយជុំវិញរឿងរ៉ាវក្រោយមានការរិះគន់ថា លោកគឺជាតារាពូកែចម្លងបទចម្រៀងពីគេ និងថាលោកគឺជាតារាពូកែទើសនោះ។
លោកថាខ្លួនដ្បិតថាជាតារាសិល្បៈ ប៉ុន្តែបើទទួលនូវការរិះគន់មានលក្ខណៈមិនស្មើភាព ហើយមានចរិតជាការជេរប្រមាថ គឺមិនអាចទប់បាននោះ គឺដាច់ខាតត្រូវតែធ្វើការតបត។ លោករីករាយទទួលយកការរិះជាទម្រង់ស្ថាបនា ហើយមានខ្លឹមសារថ្លៃថ្នូរ ហើយក៏មានហេតុផលច្រើនដែរទើបបណ្ដាលឲ្យលោកចេះតែមានរឿងរ៉ាវមិនចេះអស់មិនអស់ហើយនាពេលចុងក្រោយ។
នៅក្នុងថ្ងៃនេះ លោកនឹងធ្វើការបកស្រាយលម្អិតពាក់ព័ន្ធនឹងបញ្ហានេះ ជាពិសេសពីរឿងរ៉ាវនៅក្រោយជំហរបន្តចម្លងបទចម្រៀងពីបរទេស ឬពីម្ចាស់ដើម និងដើមចមដែលនាំឲ្យលោករមែងសម្ដែងប្រតិកម្មនៅលើហ្វេសប៊ុក រហូតត្រូវបានមហាជនដាក់កំហុសថាឲ្យលោកតែម្ខាងថាលោកពូកែទើសនោះ។ លោកថានេះជាកិច្ចសម្ភាសន៍បន្តផ្ទាល់លើកដំបូង ដែលលោកបង្ហាញខ្លួនក្រោយមានជម្លោះ និងការរិះគន់ ក្នុងពេលដែលលោកគឺជាតារាដែលចូលចិត្តតែច្រៀងលើឆាក ហើយមិនចូលចិត្តឡើងសម្ភាសន៍ទាល់តែសោះតាំងពីនៅប្រឡូកសិល្បៈស៊ប់មិនទាន់ដកខ្លួន។
យ៉ាងណាក៏លោកមិនដឹងថា អ្វីដែលលោកបកស្រាយនៅក្នុងកម្មវិធីបន្តផ្ទាល់ដែលនឹងផ្សាយផេក Post komsan រយៈពេលមួយម៉ោងកន្លះ ចាប់ពីម៉ោង៦កន្លះនៅល្ងាចនេះ នឹងអាចបញ្ចប់ជម្លោះស្រួចស្រាល និងការរិះគន់ ដែលបានកើតឡើង ឬយ៉ាងណានោះ ក្នុងពេលដែលលោកប្រកាសថាខ្លួនមានហេតុផលទាំងមូលលើហេតុហេតុបន្តចម្លងបទចម្រៀងពីម្ចាស់ដើម និងហេតុផលដែលលោកតែងតែចេញមុខប្រតិកម្មនៅលើហ្វេសប៊ុក ហើយត្រូវអ្នកលេងហ្វេសប៊ុកដាក់កំហុសថាលោកគឺជាតារាពូកែទើសនោះ។
នៅក្នុងកិច្ចសម្ភាសន៍នេះ លោកម៉ៃ សុគន្ធ ក៏បានប្រកាសថានឹងបង្ហាញនូវជីវប្រវត្តិ និងស្នាដៃមួយចំនួនពាក់ព័ន្ធនឹងសិល្បៈ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ថាលោកគឺជាតារាដែលបានបណ្ដែតខ្លួននៅក្នុងវិថីសិល្បៈជាង១០ឆ្នាំហើយតែមានបទចម្រៀងត្រឹមតែ៣-៤បទ និងមិនមានស្នាដៃអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះនៅក្នុងសិល្បៈនោះផងដែរ។ មានការប៉ាន់ស្មានថាកិច្ចសម្ភាសន៍ល្ងាចនេះ នឹងក្លាយជាវេទិកាក្ដៅគគុក បន្ទាប់ពីលោកទើបតែផ្ទុះរឿងរ៉ាវកក្រើកហ្វេសប៊ុកមិនទាន់បញ្ចប់នាពេលនេះ។ ពិធីការិនី២រូបគឺអ្នកនាងម៉ៅ ស៊ីណាត និងអ្នកនាងលី ម៉ារីណា នឹងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងកិច្ចសម្ភាសន៍ទាំងមូល អមដោយការចោទសួរជាច្រើនដើម្បីលាងជម្រះចម្ងល់ជុំវិញរឿងរ៉ាវដែលបានកើតឡើងពាក់ព័ន្ធនឹងលោកម៉ៃ សុគន្ធ។
កម្មវិធីទាំងមូល ក៏នឹងស្វាគមន៍អ្នកខលចូលដើម្បីផ្ដល់ជាសំនួរ ឬបញ្ចេញមតិចំពោះតារាកិត្តិយសផងដែរ ប្រសិនបើការបញ្ចេញមតិនោះរក្សាភាពថ្លៃថ្នូរ ក្នុងការបញ្ចេញយោបល់។
ចង់ដឹងថាតារារូបនេះ នឹងបកស្រាយអ្វីខ្លះ ចង់ដឹងថាពិធីការិនីទាំង២រូបនឹងជជីកសួរអ្វីខ្លះដល់លោកសូមរង់ចាំទស្សនា? កុំភ្លេចណាត្រៀមខលចូលផង ដើម្បីផ្ដល់ជាសំនួរនូវអ្វីដែលពិធីការិនីមិនបានជជីកសួរ!
មតិយោបល់