ប្រទេសឥណ្ឌា គ្រោងនឹងផ្តល់ឥណទានប្រមាណ ៦០លានដុល្លារអាមេរិក លើគម្រោងចំនួន ២ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងសាងសង់ខ្សែបញ្ជូនអគ្គិសនី នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ។
គម្រោងទាំង ២ ដែលគ្រោងនឹងចុះហត្ថលេខានោះ រួមមាន៖
១.គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទឹកប្រាក់ឥណទានសម្បទាន ៣៦.៩លានដុល្លារអាមេរិក
២.គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីស្រុកសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានទឹកប្រាក់ឥណទានសម្បទាន ២០លានដុល្លារអាមេរិក។
បច្ចុប្បន្ន ក្នុងក្របខ័ណ្ឌឥណទានឥណ្ឌា ក៏មានគម្រោង ២ កំពុងដំណើរការផងដែរគឺ៖
១.គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាល មានទឹកប្រាក់ឥណទានសម្បទាន ៣០លានដុល្លារអាមេរិក
២.គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពី ខេត្តក្រចេះ ទៅ ខេត្តស្ទឹងត្រែង មានទឹកប្រាក់ឥណទានសម្បទាន ៣០លានដុល្លារអាមេរិក។
គួរជម្រាបដែរថា កម្ពុជា និងឥណ្ឌា បានចុះហត្ថលេខារួចរាល់ហើយ លើគម្រោងហោះហើរត្រង់រវាងគ្នានេះ និងជម្រុញឲ្យចាប់ផ្តើមប្រតិបត្តិការជើងហោះហើរត្រង់ នៅឆ្នាំ ២០១៧នេះ ខណៈបច្ចុប្បន្នពុំទាន់មានក្រុមហ៊ុនណា ចាប់ផ្តើមប្រតិបត្តិការនៅឡើយទេ រង់ចាំការសិក្សាលើបច្ចេកទេសបន្ថែម។
លោក Naveen Srivastrava ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានបន្តថា ក្រុមហ៊ុនឯកជន នៅពុំទាន់ហ៊ានទទួលយកគម្រោងនេះទេ ដោយមិនទាន់ដឹងច្បាស់ពីចំណូល ហើយចំនួនអ្នកដំណើររវាងប្រទេសទាំងពីរ នៅមានកម្រិត។
យ៉ាងណាមិញ លោក Naveen ក៏បានជម្រុញឲ្យធនាគារដ៏ធំមួយរបស់ឥណ្ឌា ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីបម្រើដល់ការពង្រីកទីផ្សារទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសឥណ្ឌាដោយផ្ទាល់៕

មតិយោបល់