ព័ត៌មានសេដ្ឋកិច្ច

Worldbridgeland និង Sino Great Wall រួមគ្នាវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធទូទាំងកម្ពុជា

ក្រុមហ៊ុន Worldbridgeland (Cambodia) និងក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd បានព្រមព្រៀងគ្នាចុះហត្ថលេខា​លើ អនុ​ស្សារ​ណៈ​​យោគ​យល់​គ្នា​មួយ ស្តី​ពីការបង្កើតក្រុមហ៊ុនវិនិយោគ ដើម្បី​គម្រោងកែលម្អ និង អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈនៅកម្ពុជា។

លោក ឧកញ៉ា សៀ ឬទ្ធី អគ្គ​នាយក​​ក្រុមហ៊ុន Worldbridge Land (Cambodia) បានឲ្យដឹងថា ក្រុមហ៊ុនថ្មីមួយ ដែលត្រូវបង្កើតឡើងនេះ មានគោលដៅបំពេញការងារយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលរ៉ាប់រងយកគម្រោងនានារបស់រដ្ឋ មកអនុវត្ត តាមទិសដៅចូលរួមជួយអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឲ្យមានលក្ខខណ្ឌកាន់តែល្អប្រសើរ។

លោកបន្តថា វាជាកិត្តិយសយ៉ាងក្រៃលែង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Sino Great Wall ដែលជាក្រុមហ៊ុនមានបទពិសោធន៍ដ៏រឹងមាំ ក្នុងការសាងសង់សំណង់អគារធំៗជាច្រើន ប្រកបដោយគុណភាព នៅក្នុងបណ្តាប្រទេសនានា។

លោក Liang Rong អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd បានឲ្យដឹងដែរថា ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd គឺជាក្រុមហ៊ុនវិស្វកម្ម និងសាង​​​​​​​សង់ដ៏ធំមួយមកពីប្រទេសចិន ដែលបានចុះបញ្ជី​នៅក្នុងទីផ្សារ​ភាគ​ហ៊ុនដ៏ធំមានឈ្មោះថា Shenzhen Stock Exchange។

លោកបន្តថា ក្រុមហ៊ុន Sino Great Wall មានទាំងធនធាន និងមធ្យោបាយជាក់លាក់ ក្នុងការទទួលយកគម្រោងធំៗមកអនុវត្ត ហើយនឹងផ្តល់វិភាគទានដ៏ល្អប្រសើរដល់ប្រទេសកម្ពុជា។

គួរជម្រាបដែរថា នៅក្នុងកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា ក្នុងការបង្កើតក្រុមហ៊ុនវិនិយោគនេះ ក្រុមហ៊ុន Worldbridgeland កាន់កាប់ចំណែកភាគហ៊ុន ៤០ភាគរយ ខណៈក្រុមហ៊ុន Sino Great Wall មានចំណែក ៦០ភាគហ៊ុន៕

មតិយោបល់