Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។
កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹងធ្វើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន ៣០,០០០ ក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា។
សកម្មភាពជាបន្តបន្ទាប់នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍន៍ផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំ សម្រាប់ប្រទេសកម្ពុជា កម្មវិធីសិក្សាអំពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារៀន ដើម្បីឲ្យពួកគាត់អាចចែករំលែកជំនាញអក្ខរកម្មហិរញ្ញវត្ថុជាមួយសិស្សរបស់ខ្លួន។
លោក Sean Preston នាយកគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវបានមានឲ្យដឹងថា អក្ខរភាពផ្នែកហិរញ្ញវត្ថុ ជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍបុគ្គល និងសេដ្ឋកិច្ចនោះ គឺចំណេះដឹង ហើយវានឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា អក្ខរកម្មផ្នែកហិរញ្ញវត្ថុ គឺជាប្រព័ន្ធការពារដំបូងសម្រាប់អតិថិជនហិរញ្ញវត្ថុ ពីព្រោះនៅពេលដែលអតិថិជនអាចធ្វើសេចក្តីសម្រេចចិត្តបានល្អិតល្អន់ជាងមុន ពួកគាត់អាចការពារខ្លួនគាត់ឲ្យជៀសផុតពីការកេងបន្លំ និងអាចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យប្រសើរជាងមុនតាមរយៈការជ្រើសរើស និងប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុត្រឹមត្រូវ។
កម្មវិធីអក្ខរកម្មផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Visa មានលក្ខណៈងាយស្រួល និងទូលំទូលាយទូទាំងពិភពលោក គ្រាន់តែមានភាពខុសៗគ្នា ដូច្នេះហើយទើបក្រុមហ៊ុន Visa បានបង្កើតមាតិកាដែលបំពេញតាមតម្រូវការវប្បធម៌ ភាសា និងភាពស្មុគស្មាញខុសៗគ្នា ដោយមិនគិតពីអាយុ ការអប់រំ ឬភូមិសាស្រ្តឡើយ៕
អ្នកតំណាងរបស់ក្រុមហ៊ុន Visa និងអ្នកតំណាងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
មតិយោបល់