ព័ត៌មានសេដ្ឋកិច្ច

ផ្លូវក្រវ៉ាត់ក្រុងទី២ ចាប់ពី មហាវិថីសម្តេចតេជោ ទៅផ្លូវ ២១៧ បើកចរាចរជាបណ្តោះអាសន្ន

ផ្លូវក្រវ៉ាត់ក្រុងទី២ ចាប់ពី ផ្លូវលេខ ២១៧ (ចំការដូង) ដល់ មហាវិថីសម្តេចតេជោ ត្រូវបានដាក់ឲ្យដំណើរការចរាចរ ជាបណ្តោះអាសន្ន សម្រាប់រថយន្តខ្នាតតូច។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

គួររម្លឹកថា ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ នឹងតភ្ជាប់ពី មហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅផ្លូវជាតិលេខ ២ (ត្រង់ព្រែកសំរោង តាខ្មៅ) គ្រោងនឹងចំណាយប្រមាណ ៦២លានដុល្លារអាមេរិក។

ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី ២ នេះ គឺភ្ជាប់ពី ស្តុបផ្សារដីហុយ ទៅ ផ្លូវលេខ ១០១៩ កាត់តាមផ្លូវណ័រប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ ផ្លូវជាតិលេខ ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។

ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ២ គ្រោងនឹងចំណាយពេលសាងសង់ ៣៦ខែ គឺគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩ ខាងមុខ ខណៈផ្លូវក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ១ គឺមហាវិថីភ្នំពេញ ហាណូយ ប្រវែង ១០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមីនា កន្លងទៅនេះ។

ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ ទាំង ២កំណាត់ មានប្រវែងសរុបជាង ២៧គីឡូម៉ែត្រ នឹងចំណាយថវិកាសាងសង់ជាង ៧២លានដុល្លារអាមេរិក ដោយកំណាត់ទី ១ ចំណាយជាង ១០លានដុល្លារអាមេរិក និងកំណាត់ទី ២ ចំណាយជាង ៦២លានដុល្លារអាមេរិក។

គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕

មតិយោបល់