ព័ត៌មានសេដ្ឋកិច្ច

ធនាគារស្រូវ វិនិយោគទុន ១៥លានដុល្លារ សាងសង់ឃ្លាំងស្តុក ឡសម្ងួតស្រូវ នៅបាត់ដំបង

ធនាគារស្រូវ សម្រេចបោះទុនវិនិយោគជាង ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ នៅក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ។

កាលពីម្សិលមិញនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើ គម្រោងវិនិយោគពិសេសរបស់រាជរដ្ឋាភិបាល ក្នុងខេត្តបាត់ដំបង រវាង ធនាគារស្រូវ ជាមួយ៖

១.ក្រុមហ៊ុន N.G.Y Investment Co ដែលជាភាគីទទួលបន្ទុកលើ ការគូរប្លង់ និងសាងសង់ឃ្លាំងស្តុកស្រូវ ២សែនតោន និងឡសម្ងួតស្រូវ ៣ពាន់តោន។

២.ក្រុមហ៊ុន Agrosun Co ដែលជាភាគីទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូវខ្នាត ២៤ម៉ោង ១៥០០តោន។

៣.ក្រុមហ៊ុន International Rice Engineering ដែលជាភាគីទទួលបន្ទុកផ្គត់ផ្គង់ម៉ាស៊ីនសម្ងួតស្រូវ ខ្នាត ២៤ម៉ោង ១៥០០តោន។

គម្រោងនេះ ក៏មានការគំាទ្រពី ធនាគារឯកជន និងមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះបើសិនជាមិនមានឡសម្ងួត និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។

ធនាគារស្រូវ ក៏គ្រោងរៀបចំសហគមន៍កសិករ តាមរយៈការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃប្រកបដោយស្ថិរភាព និងមានទីផ្សារ ជាពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីឈ្មួញកណ្តាល។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបាន ប្រកបដោយគុណភាពខ្ពស់៕

មតិយោបល់