ព័ត៌មានសេដ្ឋកិច្ច

THE PALMS គម្រោងលំនៅដ្ឋានបែបរីសត វិនិយោគជាង ១១០លាន$ តាមបណ្តោយផ្លូវជាតិលេខ១

THE PALMS ជាគម្រោងលំនៅដ្ឋានបែបរីសតដ៏ថ្មីបំផុតមួយ ដែលនឹងលេចរូបរាងឡើង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្រោមការបោះទុនប្រមាណ ១១០លានដុល្លារអាមេរិករបស់ក្រុមហ៊ុនក្នុងស្រុក សហការជាមួយក្រុមហ៊ុន Oxley Emerald Cambodia មកពីប្រទេសសិង្ហបុរី។

លោក សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានឲ្យដឹងថា គម្រោងលំនៅដ្ឋានបែបរីសត គ្រោងនឹងចាប់ផ្តើមសាងសង់នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧នេះ នឹងចំណាយពេលសាងសង់ប្រមាណជាង ២ឆ្នាំ។

THE PALMS នឹងក្លាយជាគម្រោងប្រណីតដំបូងតភ្ជាប់ពីផ្លូវជាតិលេខ ១ ដល់មាត់ទន្លេ ដែលផ្តល់បែបផែនរស់នៅបែបរីសត មានទេសភាពស្រស់ស្អាត សាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា ២២០យូនីត ក្នុងនោះ មានវីឡាបឹងកាឡូ ១៦យូនីត។

គម្រោង THE PALMS គឺមានរូបរាងដូច ដើមត្នោត ស្រដៀងទៅនឹងគម្រោងដែលធ្លាប់បានអភិវឌ្ឍន៍នៅប្រទេសកាតា និងប្រទេសសិង្ហបុរី ហើយលក្ខណៈពិសេសរបស់ THE PALMS គឺគ្រប់ផ្ទះមានជណ្តើរយន្ត ជាពិសេសសម្រាប់មនុស្សចាស់ មានអាងហែលទឹក កន្លែងជិះកាណូតអូប័រ សួនកម្សាន្ត ឆ្នេរសិប្បនិម្មិត និងសេវាកម្មជាច្រើនទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត គឺគ្មានឡានឆ្លងកាត់ ឬគ្មានចរាចរណ៍នៅផ្ទៃខាងលើនោះទេ គឺចតនៅក្រោមដីទាំងអស់ ហើយសម្រាប់វីឡាបឹងកាឡូ មានចំណតអូប័រផ្ទាល់ខ្លួនថែមទៀតផង។

គួរជម្រាបដែរថា គម្រោង THE PALMS មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់