ព័ត៌មានជាតិ

Update:បញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកស្អាង មកតុលាការ

កណ្តាលៈ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យព២នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកស្អាង មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានសូមរំលឹកថា នគរបាលស្រុកស្អាង ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសិត្បូរ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) បានចំនួន២៦កញ្ចប់។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ (ឃាត់ខ្លួន) ១ឈ្មោះ ផា ណុប ហៅតុប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ២ឈ្មោះ សុខ ណាត ហៅត្រេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៦កញ្ចប់ ទូរសព្ទចំនួន២គ្រឿង ម៉ាកណូគា (អិនចុចពិល) កូនកាំបិត ដងពណ៌លឿង ចំនួន១ ឧបករណ៍សម្រាប់វ៉ិចខ្ចប់មួយចំនួនទៀត។

ប្រភពដដែលពីលោកអធិការបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១០និង២០នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ និងធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ផា ណុប និងឈ្មោះ សុខ ណាត បានរកឃើញគ្រឿងញៀន ចំនួន២៦កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផា ណុប ហៅតុប និង ឈ្មោះ សុខ ណាត ហៅត្រេន បានសារភាពថា ខ្លួនចូលលុយគ្នាបានចំនួន២០០,០០០៛ (ម្ភៃម៉ឺនរៀល) ទិញគ្រឿងញៀនចំនួន២៦កញ្ចប់តូច ក្នុងតម្លៃ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

បច្ចុប្បន្នជនសង្ស័យទាំង២កំពុងស្ថិតក្រោមការសាកសួររបស់ស្ថាប័នតុលាកា៕

មតិយោបល់