ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន តម្លៃជាង៦លានដុល្លារអាមេរិក នឹងលេចឡើងនៅខេត្តព្រះសីហនុ

មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍សម្រាប់អ្នកញៀនគ្រឿងញៀន មានតម្លៃជាង ៦លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅខេត្តព្រះសីហនុ។

លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា គម្រោងនេះ មានតាំងពីឆ្នាំ ២០០៧ ហើយសម្រេចបើកការដ្ឋាននៅថ្ងៃនេះ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក។

ក្នុងដំណាក់កាលដំបូងនៃការសាងសង់ គឺត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូទឹក តបណ្តាញអគ្គិសនី និងអគាររដ្ឋបាល អគារមន្ទីរពេទ្យ អគារស្នាក់នៅជាដើម។

មជ្ឈមណ្ឌលនេះ អាចទទួលជនរងគ្រោះដោយសារថ្នាំញៀន ចំនួន ២ពាន់នាក់ នឹងមានបង្រៀនជំនាញឯកទេសដល់ជនរងគ្រោះ ក្រោយទទួលការព្យាបាល អាចមានជំនាញផ្ទាល់ខ្លួន ដើម្បីជាទុនប្រកបរបរចិញ្ចឹមជីវិត។

តាមរបាយការណ៍ថ្មី ដែលអាជ្ញាធរប្រឆាំងគ្រឿងញៀន ទើបទទួលបានគឺ ចំនួនអ្នកញៀនគ្រឿងញៀននៅកម្ពុជា មានជាង ១២០០០នាក់។

គួរជម្រាបផងដែរថា ក្នុងអំឡុងឆ្នាំ ២០០៩ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រមូលទិញដីទំហំ ២០ហិកតានេះពីប្រជាជន យកមកប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយឥតគិតថ្លៃ ដើម្បីសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល៕

មតិយោបល់