បាត់ដំបងៈ នៅវេលាម៉ោង៤និង៤០នាទី ទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបាត់ដំបង ចំនួន៤នាក់ ដឹកនាំដោយលោក មាស សារ៉ែន ជំនួយការមូលដ្ឋាន មូលដ្ឋានអាវុធហត្ថខេត្តបាត់ដំបង ចុះធ្វើការបង្រ្កាបករណីហិង្សាទៅវិញទៅមក បានចំនួន១លើក នៅត្រង់ចំណុចមុខហាងលក់ទូរសព្ទដៃLG ស្ថិតក្នុងភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង៦នាក់ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ នី ឡៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តដំបង ,ទី២ឈ្មោះ អាង ចិនសែ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្លឹបកម្សាន្ត Level ស្នាក់នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ,ទី៣ឈ្មោះ សិទ្ធ ចាន់ជី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន KHG ស្នាក់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ,ទី៤.ឈ្មោះ កប ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្លឹបកម្សាន្ត Level ស្នាក់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ,ទី៥.ឈ្មោះ ធឿត រតនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងជនសង្ស័យទី៦ឈ្មោះ លឿម សាលឿប ហៅអូរមួយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្លឹបកម្សាន្ត Level ស្នាក់នៅភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងនោះ កម្លាំងអាវុធហត្ថបញ្ជាក់ថា ជនសង្ស័យឈ្មោះ នី ឡៃ បានធ្វើសកម្មភាពយកកាំបិតច្នៃ ប្រវែង៦២សង់ទីម៉ែត្រ កាប់ទៅលើឈ្មោះ អាង ចិនសែ បណ្ដាលឲ្យរបួសត្រង់ដៃ ត្រង់ស្មាខាងឆ្វេង និងបែកបបូរមាត់ ទើបធ្វើឲ្យឈ្មោះ អាង ចិនសែ មានចិត្តខឹងបាននាំគូកនរបស់ខ្លួន ដែលមានឈ្មោះដូចខាងលើ ទៅព្រួតគ្នាវាយបណ្ដាលឲ្យឈ្មោះ នី ឡៃ សន្លប់នៅនឹងកន្លែង។ ដោយឃើញស្ថានភាពជនសង្ស័យឈ្មោះ នី ឡៃ មានសភាពធ្ងន់ធ្ងរ ទើបកម្លាំងអាវុធហត្ថក្រុងបាត់ដំបង បានដឹកជញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ៕
មតិយោបល់