Android និង iOS គឺជាប្រព័ន្ធប្រតិបត្តិការចល័តគូប្រណាំងប្រជែងនឹងគ្នាច្រើនឆ្នាំមកហើយ។ ពីមួយជំនាន់ទៅមួយជំនាន់ ប្រព័ន្ធទាំងពីរនេះតែងដាក់បញ្ចូលនូវមុខងារពិសេសថ្មីៗជាបន្តបន្ទាប់។ តែមកទល់ពេលនេះ គេឃើញមានប្រព័ន្ធ Android របស់ Google មានការផ្លាស់ប្តូរមុខងារច្រើន សម្បូរបែប និងបើកចំហរជាងប្រព័ន្ធ iOS របស់ Apple។ ជារួម គេសង្កេតឃើញមានលក្ខណៈពិសេស ៥ លើប្រព័ន្ធ Android Nougat ដែលអ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើនលើសលុបចង់បាន តែ Apple មិនទាន់បានផ្តល់ឱ្យតាមរយៈប្រព័ន្ធ iOS លើ iPhone និង iPad នៅឡើយ។
១- កំំណត់កម្មវិធី Default
ប្រសិនបើលោកអ្នកវាយពាក្យ “iOS 11 Wish List” នៅលើ Google Search អ្នកនឹងឃើញមានការស្នើឱ្យមានមុខងារជ្រើសរើសកម្មវិធី Default ជាច្រើនទៅកាន់ក្រុមហ៊ុន Apple ខណៈមុខងារនេះ មានជាយូរមកហើយនៅលើទូរសព្ទដើរដោយប្រព័ន្ធ Android។ កម្មវិធី Default លើប្រព័ន្ធ Android អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសកម្មវិធីផ្សេងៗសម្រាប់បើកដំណើរការអ្វីមួយដោយស្វ័យប្រវត្តិ ដូចជាបើកគេហទំព័រ ហៅទូរសព្ទ ផ្ញើសារ និងចាក់ចម្រៀងជាដើម ខុសពីកម្មវិធីដើមរបស់វាបាន។ ហើយដើម្បីធ្វើដូច្នេះ លោកអ្នកអាចចូលទៅកាន់កម្មវិធី Settings -> Apps -> Default Apps។
២- គ្រប់គ្រងសារដំណឹងបែបថ្មី
នៅលើផ្ទាំង Notification លើប្រព័ន្ធ Android 7 (Nougat) សារដំណឹងដែលផ្ញើចូលតាមកម្មវិធីដូចគ្នា វានឹងរៀបចំឱ្យលោតបង្ហាញជាប់ៗគ្នាតាមលំដាប់ ក្រោមឈ្មោះតែមួយ និងអាចអូសចុះក្រោមដើម្បីឱ្យវាបង្ហាញសារបន្ថែមបាន។ ម្យ៉ាងទៀត ដើម្បីដកសារមួយចេញ គេគ្រាន់តែយកម្រាមដៃអូសលើវាទៅម្ខាងចេញជាការស្រេច ដែលនេះខុសពីផ្ទាំង Notification Center លើប្រព័ន្ធ iOS ដែលទាមទារឱ្យអូសទៅឆ្វេង ឬស្តាំ រួចចុចលើប៊ូតុង Clear។
ដោយឡែក ផ្ទាំងកម្មវិធីដែលអាចប្រើម្រាមដៃអូសចុះពីគែមអេក្រង់ខាងលើរបស់ Android ត្រូវបានរចនាក្រឡោមបង្ហាញសារខាងក្នុងស្រឡះល្អ ងាយស្រួលមើល ហើយអាចកំណត់អតិភាពសម្រាប់សារដំណឹងណាដែលសំខាន់ផងដែរ ដោយវានឹងនៅតែលោតបង្ហាញឡើងទោះបីទូរសព្ទបើកមុខងារ Do Not Disturb ក៏ដោយ។ លក្ខណៈពិសេសៗទាំងនេះ គឺពុំមានឡើយនៅលើទូរសព្ទ iPhone ហើយសូម្បីតែលើប្រព័ន្ធ iOS 11 ដែលនឹងបើកឱ្យទាញយកជាសាធារណៈឆាប់ៗខាងមុខ។
៣- កម្មវិធីថតសំឡេងពេលកំពុងសន្ទនាទូរសព្ទ
នេះគឺជាមុខងារដ៏សំខាន់មួយដែលអ្នកប្រើប្រាស់ទូរសព្ទចល័តទូទៅចង់បានបំផុត។ តែរហូតមកទល់ពេលនេះ អ្នកប្រើប្រាស់ទូរសព្ទ iPhone គឺពិបាករកកម្មវិធីសម្រាប់ថតសំឡេងដូចនេះខ្លាំងណាស់ ខណៈកម្មវិធីដែលអាចថតបាន វាទាមទារបង់ថ្លៃសេវាយ៉ាងខ្ពស់ និងពិបាកក្នុងការប្រើប្រាស់ទៀតផង។ ផ្ទុយទៅវិញ សម្រាប់ទូរសព្ទពពួក Android គឺមានច្រើនណាស់ ហើយមួយចំនួនអាចទាញយកទៅដំឡើងប្រើនៅលើទូរសព្ទដោយសេរីពី PlayStore ទៀតផង។ ជាអាទិ៍ កម្មវិធីឈ្មោះ Auto call recorder និង Automatic Call Recorder ជាដើម។
៤- អាចបង្កើតគណនីសម្រាប់អ្នកប្រើច្រើនគ្នាបាន
លើទូរសព្ទ Android ភាគច្រើន (ក្រុមហ៊ុនខ្លះបិទមុខងារនេះចោល ហើយដាក់ជំនួសមុខងាររបស់ខ្លួនវិញ) គឺមានភ្ជាប់មកជាមួយមុខងារ Multi-user mode ដែលអនុញ្ញាតឱ្យលោកអ្នកបង្កើត Profile ផ្សេងគ្នាសម្រាប់គោលដៅប្រើប្រាស់ខុសៗគ្នាបាន។ មុខងារដ៏ពិសេសនេះ គឺមានតាំងពី Android ជំនាន់ទី ៥ ឬ Lollipop មកម្លេះ ខណៈ Apple នៅតែមិនទាន់អើពើក្នុងការដាក់បញ្ចូលវាលើប្រព័ន្ធ iOS សម្រាប់ផលិតផល iPhone និង iPad របស់ខ្លួននៅឡើយ។
៥- អាចបើកកម្មវិធីច្រើនលើផ្ទាំងអេក្រង់តែមួយ
សម្រាប់ប្រព័ន្ធ iOS ដប់ជំនាន់មកហើយ គឺពុំទាន់មានមុខងារដែលអនុញ្ញាតឱ្យ iPhone ឬសូម្បីតែ iPad ដែលមានអេក្រង់ធំ ប្រើកម្មវិធីច្រើនលើផ្ទាំងអេក្រង់តែមួយក្នុងពេលដំណាលគ្នាបាននៅឡើយទេ។ ដោយឡែក សម្រាប់ប្រព័ន្ធ Android វិញ គឺមានចាប់តាំងពីឆ្នាំ ២០១២ នៅលើ Galaxy Note 2 មកម្លេះ។ លើសពីនេះ តាមរយៈ Android Nougat ដែលចាប់ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំមុន Google បានដាក់បញ្ចូលជាផ្លូវការនូវមុខងារញែកអេក្រង់ជាពីរសម្រាប់ដំណើរការកម្មវិធីពីរផ្សេងគ្នាក្នុងពេលតែមួយ។ មុខងារពិសេសមួយនេះ ផ្តល់អត្ថប្រយោជន៍ច្រើនណាស់ តួយ៉ាងដូចជា វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទស្សនាកម្មវិធីផ្សាយផ្ទាល់លើ YouTube និងបន្តការឆ្លើយឆ្លងសារជាមួយមិត្តភក្តិលើបណ្តាញសង្គម Facebook បានយ៉ាងរីករាយជាដើម៕
ប្រភពព័ត៌មានៈ makeuseof
មតិយោបល់