យុវជនកម្ពុជាឈ្មោះ លឹមស្រេង សេដ្ឋាមុនី មានវ័យ ១៩ឆ្នាំ ទទួលបានសញ្ញាបត្រជា អ្នកបើកយន្តហោះពាណិជ្ជ ពីសាលាបង្រៀនបើកបរដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺ Transpac Aviation Academy។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Aviation in Asia ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក មុនី បានក្លាយជាជនជាតិខ្មែរដំបូងបង្អស់ ដែលបញ្ចប់ការសិក្សានៅ សាលាបង្រៀនបើកបរ Transpac Aviation Academy ដែលជាសាលាដ៏ធំ និងល្បីនៅសហរដ្ឋអាមេរិក។
សាលា Transpac Aviation Academy ជាសាលាដ៏ធំមួយ ស្ថិតក្នុងតំបន់ Phoenix, Arizona ដែលមានសិស្សប្រមាណ ៤០០ ទៅ ៥០០នាក់ ហើយអាកាសយាន្តដ្ឋានជាច្រើន បានបញ្ជូននាយទាហានរបស់ពួកគេ ឲ្យមកបណ្តុះបណ្តាលនៅសាលានេះ។
គួរបញ្ជាក់ថា អ្នកជំនាញបើកបរនៅកម្ពុជា នៅមិនទាន់មានច្រើននោះទេ ដែលសុទ្ធតែជាឱកាសសម្រាប់អ្នកជំនាន់ក្រោយអាចចាប់យក ដើម្បីបំពេញក្តីស្រមៃក្លាយជាពីឡុតនៅកម្ពុជា៕




មតិយោបល់