បុគ្គលមួយចំនួន ចូលចិត្តធ្វើការងាកមើលម៉ោង ប៉ុន្តែបុគ្គលមួយចំនួនផ្សេងទៀត ចូលចិត្តធ្វើការងាកមើលលទ្ធផល វាជាកត្តា ញ៉ាំងឱ្យមានបុគ្គលិក ២ប្រភេទ ចែកចេញដាច់ដោយឡែកគ្នា រវាងជោគជ័យ និងបរាជ័យ។
ដំបូន្មាន នៃផ្នត់គំនិតមួយចំនួន អាចផ្លាស់ប្តូរបុគ្គលិកបរាជ័យ ឱ្យក្លាយជាជោគជ័យ ឡើងឋានៈប្រាក់ខែខ្ពស់ និងស្ថេរភាពតួនាទីការងារ យូរអង្វែង រហូតអាចក្លាយជាម្ចាស់ជំនួញផ្ទាល់ខ្លួន គឺវាអាចបានយ៉ាងរលូន ប្រសិនបើអានហើយ យកអនុវត្តន៍តាម៖
១. ធ្វើការមើលម៉ោង: បុគ្គលិកប្រភេទនេះ ជាបុគ្គលចូលចិត្តធ្វើការងារ បែបសើលំៗ ឬធ្វើឱ្យរួចហើយផុតដៃ តាមម៉ោងពេលចប់ក៏ចេញ ទោះការងារនោះ សម្រេច ឬមិនសម្រេច មិនសំខាន់ សំខាន់ដល់ម៉ោង និងបន់ឱ្យដល់ថ្ងៃបើកប្រាក់ខែ ឆាប់ៗ។ បុគ្គលិកប្រភេទនេះ មានមិនតិចទេ តាមបណ្តាក្រុមហ៊ុន នានា ផ្ទុយពីបុគ្គលិកធ្វើការមើលលើលទ្ធផល ដែលស្ថាប័នទូទៅ កំពុងត្រូវការស្វែងរក និងចង់បាន យ៉ាងស្រេកឃ្លានបំផុត។ លទ្ធផល នៃបុគ្គលប្រភេទធ្វើការមើលម៉ោងនេះ ចុងក្រោយច្រើនរើកន្លែងការងារ ឬផ្លាស់ប្តូរឋានៈតួនាទី ញឹកញយបំផុត ប៉ុន្តែហាក់មិនមានអ្វីអភិវឌ្ឍន៍ ទាំងផ្នែកចំណេះដឹង និងហិរញ្ញវត្ថុ ឡើយ។
២. ធ្វើការមើលលទ្ធផល: បុគ្គលិកប្រភេទនេះ ជាបុគ្គលចូលចិត្តធ្វើការងារ បែបឃ្មាតឃ្មៃ ឬធ្វើឱ្យចប់ចុងចប់ដើម ទោះហួសម៉ោងពេលក្តី ក៏មិនសំខាន់ សំខាន់ការងារនោះ សម្រេច ឬមិនទាន់សម្រេច ព្រោះទោះជាយ៉ាងណា ថ្ងៃបើកប្រាក់ខែ ក៏គង់នឹងមកដល់ ក្នុងកំឡុងពេលកំពុងធ្វើការ ២៩ ទៅ ៣១ ថ្ងៃ តាមទម្លាប់ដដែល។ ចំណង់ នៃសេចក្តីស្រេកឃ្លានចំពោះការងារ របស់បុគ្គលិកប្រភេទនេះ វាជាកម្លាំងជំរុញ ឬថ្នាំប៉ូវ ដែលជួយឱ្យមានការតស៊ូ ព្យាយាមរហូតដល់ផែនការគោលដៅ ព្រោះភាពជោគជ័យគ្រប់យ៉ាង កើតឡើងពីចំណង់ដ៏ក្តៅគគុក ដែលជួយបង្កើនភាពក្លាហាន និងកម្លាំងចិត្ត ឱ្យពុះកញ្ជ្រោលឡើង ដើម្បីសម្រេចបេសកម្មរបស់ខ្លួន នឹងធ្វើឱ្យក្រុមហ៊ុន ឬស្ថាប័ន រីកចម្រើន យ៉ាងឆាប់រហ័ស ទៀតផង។
៣. ដំណោះស្រាយ: ដើម្បីប្រែក្លាយ បុគ្គលិកបរាជ័យ ឱ្យក្លាយជា បុគ្គលិកជោគជ័យ គឺត្រូវប្រែក្លាយផ្នត់គំនិត និងឥរិយាបទ ក្នុងការធ្វើការ ជាមុនសិន ពិសេសត្រូវបើកចិត្តឱ្យទូលាយ ក្នុងការដាក់ខ្លួនសិក្សារៀនសូត្រ អំពីឆន្ទៈ នៃបុគ្គលិកសកម្មបំផុតណាម្នាក់ កំពុងមានវត្តមានក្នុងក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួន។ ចូរចងចាំថា ” មានឆន្ទៈពិតប្រាកដ ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីសម្រេចគោលដៅរបស់ខ្លួន ” ប្រសិនបើគ្មានឆន្ទៈពិតប្រាកដទេនោះ យើងមិនអាចធ្វើការអ្វីមួយ បានសម្រេចនោះទេ ព្រោះប្រសិនបើគ្មានឆន្ទៈពិតប្រាកដ យើងនឹងគ្មានកាតាលីករ ដើម្បីចំរុញផ្លូវចិត្តរបស់យើងឡើយ៕
មតិយោបល់