គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៧នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានកើនដល់ ២.៩ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើង ១០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពី ស្ថានទូតថៃប្រចាំនៅកម្ពុជា។
ក្នុងឆមាសទី ១នេះ កម្ពុជា បាននាំចេញទំនិញនិងផលិតផលទៅប្រទេសថៃ គិតជាចំនួនទឹកប្រាក់ប្រមាណ ៤៥៣លានដុល្លារអាមេរិក ខណៈថៃនំាចូលទំនិញ និងផលិតផលមកកម្ពុជាវិញ មានចំនួនទឹកប្រាក់ជាង ២៤៧៦លានដុល្លារអាមេរិក។
កាលពីឆ្នាំ ២០១៦កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ គឺស្ថិតនៅថេរត្រឹម ៥.៦ពាន់លានដុល្លារអាមេរិក ពោលគឺថយចុះ ០.០៤ភាគរយ ធៀបនឹងឆ្នាំ ២០១៥។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានទូតថៃ។
របាយការណ៍ដដែលបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ថយចុះពី ៥,៥៩៧លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ មកត្រឹម ៥,៥៩៥លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦ ពោលគឺត្រឹមតែ ០.០៤ភាគរយប៉ុណ្ណោះ។
គួររម្លឹកដែរថា កម្ពុជា-ថៃ បានឯកភាពគ្នាក្នុងការបើកច្រកព្រំដែនថ្មីចំនួន ៤ ដើម្បីបង្កភាពងាយស្រួលដល់ការចេញចូលរបស់ប្រជាជន និងជម្រុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើង៕
មតិយោបល់