ព័ត៌មានបច្ចេកវិទ្យា

៥ ជំហាន គួរអនុវត្ត មុនពេលលក់ iPhone/iPad ចេញ

iPhone ឬ iPad គឺជាឧបករណ៍ដែលប្រហែលតែងតែឋិតនៅជាប់ខ្លួនលោកអ្នកជានិច្ច ហើយទោះតិចឬច្រើន វាបានរក្សាទុកនៅព័ត៌មានឯកជន និងអនុស្សាវរីយ៍ផ្សេងៗ តាមរយៈរូបថត-វីដេអូ ខណៈមុខងារ និងសមត្ថភាពរបស់វាទៀតសោត កាន់តែសម្បូរបែប ជាពិសេស ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពខាងក្នុងតែម្តង។ ម្លោះហើយ មុនពេលលោកអ្នកលក់វាចេញទៅឱ្យអ្នកដទៃ ដើម្បីឡើងស៊េរីថ្មី គួរតែគិតគូលើឯកសារ និងប្រព័ន្ធសុវត្ថិភាពដែលមាននៅក្នុងនោះ។ បើមិនដូច្នេះទេ វាអាចនឹងបន្សល់ទុកផលវិបាកទាំងខ្លួនលោកអ្នកផ្ទាល់ និងទាំងអ្នកទិញបន្ត។

ដូច្នេះ ដើម្បីកុំឱ្យបញ្ហានោះកើតឡើង ចង់មិនចង់លោកអ្នកត្រូវអនុវត្តតាមជំហាន ៥ ដែល Post Tech សូមលើក​យកមកធ្វើការណែនាំដូចខាងក្រោម៖

១- ទាញទិន្នន័យក្នុងទូរសព្ទទៅរក្សាទុក (Backup)

នេះគឺជាជំហានដំបូង និងសំខាន់បំផុត ដែលលោកអ្នកត្រូវធ្វើមុនពេលលក់ទូរសព្ទ iPhone ចេញ​ទៅដល់ដៃអ្នកដទៃ មិនថាអ្នកលក់ មិត្តភក្តិនោះទេ។ ព្រោះថា ក្នុងទូរសព្ទលោកអ្នក បន្ទាប់ពីឆ្លងកាត់ការប្រើប្រាស់អស់មួយរយៈពេល វាប្រាកដជាមានបន្សល់ទុកនូវឯកសារ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់លោកអ្នកជាមិនខាន។ តួយ៉ាងដូចជា លេខទទូរសព្ទ សារ រូបថត និងវីដេអូជាដើម។ ​ឯកសារទាំងនោះ ទោះសំខាន់ឬអត់ លោកអ្នកគួរតែទាញវាទៅរក្សាទុកជាមុនសិនទៅ ហើយបន្ទាប់មក ទើបលុបវាចោល ដោយអាចធ្វើតាមពីររៀបនេះ: ទាញវាទៅរក្សាទុកតាមកម្មវិធី iTunes លើកុំព្យូទ័រតាមកម្មវិធី iCloud លើទូរសព្ទផ្ទាល់។ បន្ទាប់ពីមក ត្រូវប្រាកដថាឯកសារទាំងនោះ បានទាញយកទៅរក្សាទុកបានរួចរាល់ និងត្រឹមត្រូវ ដើម្បីជៀសវាងការភាន់ច្រឡំ ឬកំហុសឆ្គងណាមួយកើតឡើងជាយថាហេតុ។

២- បិទដំណើរការមុខងារ Find My iPhone

ជំហាននេះ គឺចាំបាច់បំផុត។ ព្រោះបើមិនធ្វើដូច្នោះទេ ម្ចាស់ថ្មីរបស់វាអាចនឹងប្រឈមការជាប់សោសម្ងាត់ Activation Lock ដែលទាមទារឱ្យស្គាល់ Apple ID ដើម ឬកំណត់ដោយម្ចាស់ដើមរបស់ទូរសព្ទ ដែលជាលោកអ្នក។ ដូច្នេះ ចង់មិនចង់ត្រូវតែដោះវាចេញទៅ ដើម្បីកុំឱ្យអ្នកទិញ iPhone បន្តពីអ្នកប្រឈមការប្រើដុំថ្ម iPhone។ វិធីបិទមុខងារ Find My iPhone

៣- ដោះសោសម្ងាត់លើទូរសព្ទចេញ

ជំហានមួយនេះ លោកអ្នកអាចអត់ធ្វើក៏បាន តែអ្នកទិញ iPhone ពីអ្នក អាចនឹងជួបបញ្ហាពេលលក់ចេញបន្តទៀត ប្រសិនបើវាជាទូរសព្ទប្រភេទ Unlock។ ឬក្រោយរយៈពេលណាមួយ វាអាចនឹងលោតជាប់សោសារជាថ្មី ដូចជា ក្រោយពេលម្ចាស់ថ្មីរបស់វាធ្វើការ Restore ឬ Update ប្រព័ន្ធប្រតិបត្តិការ iOS ឡើងទៅកាន់ជំនាន់ថ្មី ឬប្តូរទៅប្រើបណ្តាញទូរសព្ទផ្សេង ដែលមិនគាំទ្រទូរសព្ទប្រភេទ Unlock ជាដើម។

៤- ឈូសទិន្នន័យក្នុងទូរសព្ទចោល

បន្ទាប់ពីលោកអ្នកអនុវត្តជំហានខាងលើរួចរាល់ហើយ ដើម្បីសុវត្ថិភាពទិន្នន័យមិនឱ្យធ្លាយដល់ដៃនរណាក៏មិនដឹងនោះ លោកអ្នកត្រូវតែឈូសសម្អាតឯកសារទាំងអម្បាលមានចោលទាំងអស់ទៅ ដោយចូលទៅកាន់កម្មវិធី Settings -> General -> Reset រួចចុចលើ Erase All Content and Settings ហើយរកចាំរហូតដល់ដំណើរការរបស់វាចប់ ជាការស្រេច។

៥- ចែកមើល iCloud

បន្ទាប់ពីដំណើរការសម្អាតទិន្នន័យរួចរាល់ហើយ iPhone របស់លោកអ្នកនឹងធ្វើការ Reboot រួចវានឹងទាមទារឱ្យធ្វើការកំណត់ផ្សេងៗចំណុចផ្សេងៗដូចជាពេលបើកចេញពីប្រអប់។​ ត្រង់ដំណាក់កាលនេះ លោកអ្នកគួរកុំធ្វើអ្វីទាំងអស់ គ្រាន់តែចុចលើ Skip ទៅបានហើយ។ ពោលគឺ កំណត់ឱ្យវាជា iPhone សម្រាប់ម្ចាស់ថ្មី។

បន្ទាប់មក ដើម្បីបញ្ជាក់ថាវាពិតជាដូច្នោះ សូមចូលទៅកាន់អាសយដ្ឋាន www.icloud.com/find រួចចុះឈ្មោះជាមួយគណនី iCloud ដែលបានប្រើលើ iPhone របស់លោកអ្នក មុនពេលឈូសសម្អាតទិន្នន័យចោល ហើយឆែកមើលថា តើ ឈ្មោះ iPhone ចាស់មានបង្ហាញក្នុង Find My iPhone ដែរឬទេ។

បើសិនជាមិនមានទេ គឺបានសេចក្តីថា ឯកសារចាស់របស់លោកអ្នកត្រូវបានលុបចេញជាស្ថាពរពី iPhone នេះហើយ។ ផ្ទុយទៅវិញ លោកអ្នកត្រូវចុច Erase your iPhone បន្ទាប់មក ចុចលើឈ្មោះ iPhone របស់លោកអ្នក រួចចុច Remove វាចេញពីគណនីលោកអ្នកតែម្តង។

បើមិនធ្វើដូច្នេះទេ iPhone នោះ នឹងនៅតែអាចជាប់សោជាមួយគណនី Find My iPhone ដែលម្ចាស់ថ្មីនឹងមិនអាចដោះចេញបានឡើយ បើមិនដឹងលេខសម្ងាត់នោះ៕

 

មតិយោបល់