ព័ត៌មានសិល្បៈ និងកម្សាន្ត

តុលាការផ្តន្ទាទោស គុយ សិទ្ធិស័ក្តិ ដាក់គុក ១ឆ្នាំរឿងហិង្សា និងបង្ហោះរូបអាក្រាតកាយរបស់ តារាចម្រៀង វ៉ាន់ នីឡា ជាសង្សារ

ភ្នំពេញៈ ដូចដែលបានកំណត់ទុកហើយនោះ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្តិ ភេទប្រុស អាយុ ២៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និងបង្គាប់ឱ្យជនជាប់ចោទសងទៅដើមបណ្ដឹងឈ្មោះ សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ចំនួន ២០០លានរៀល ពីបទ ហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៦ យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ និងមាត្រា ៣៩ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សាលក្រមនេះក៏បានបើកសិទ្ធិឱ្យភាគីពាក់ព័ន្ធប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។

សូមបញ្ជាក់ថា សវនាការនាកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅមិនមានវត្តមានជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្តិ និងដើមបណ្ដឹងឈ្មោះ សុខ ចិន្តា ហៅ វ៉ាន់ នីឡា នោះទេ ដោយមានត្រឹមតែមេធាវីការពារមក ជាតំណាងរៀងៗខ្លួន។

យោងតាមអំណាចម្លើយរបស់ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្តិ បានអះអាងខ្លួនគេមិនបានប្រព្រឹត្តខុស ហើយក៏គ្មានបានធ្វើអំពើដូចការចោទប្រកាន់របស់តុលាការនោះទេ។

ដោយឡែកចំពោះកំណត់ហេតុចម្លើយរបស់ដើមបណ្ដឹង បានបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ រូបគេ និងជនជាប់ចោទ ដែលនៅជាសង្សារនឹងគ្នានៅឡើយនោះ បានដើរលេងជាមួយគ្នា។ លុះដល់វេលាម៉ោងប្រមាណជា ១០យប់ ពួកគេបានឈ្លោះប្រកែកគ្នានៅក្នុងឡាន (ឡានដើមបណ្ដឹង) ដោយជនជាប់ចោទជាអ្នកបើក នៅពេលនោះជនជាប់ចោទបាន វាយខ្លួន ចំមុខ និងជើង ភ្លាមនោះ ខ្លួនក៏បានរត់ចេញពីឡាន ស្រែកឱ្យប្រជពលរដ្ឋជួយ និងហៅទូរស័ព្ទហៅបងប្អូនមកជួយ និងទទួលយកទៅផ្ទះ។

ដើមបណ្ដឹងបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ខ្លួន និងបងប្អូន បានទៅផ្ទះរបស់ជនជាប់ចោទនៅ បុរីទួលសង្កែ ផ្ទះលេខ 2F សង្កាត់គីឡូម៉ែត្រលេខ ខណ្ឌឬស្សីកែវ ដើម្បីទៅយកឡាន ទូរស័ព្ទ និងសម្ភារនៅក្នុងឡានមកវិញ។ ប៉ុន្តែនៅពេលដល់ផ្ទះនោះ ម្តាយជនជាប់ចោទ បានចេញមកជួបដើមបណ្ដឹង និងគ្រួសារ ហើយនិយាយថា នាងឯងចង់ប្តឹងដល់ណាប្តឹងទៅ គ្មានឡាននាងឯងនៅទីនេះទេ។ លុះថ្ងៃបន្ទាប់ជនជាប់ចោទ បានយកឡាន ទូរស័ព្ទ និងសម្ភារ ទៅឱ្យដើមបណ្ដឹងវិញ។

ចម្លើយរបស់ដើមបណ្ដឹងបានបញ្ជាក់ថា ខ្លួន និងជនជាប់ចោទ បានស្រលាញ់គ្នា ជាច្រើនឆ្នាំហើយដោយផ្តើមចេញពីការស្គាល់គ្នា តាមហ្វេសប៊ុក រហូតបានរស់នៅជាមួយគ្នា លើសពីសង្សារធម្មតា។ នៅក្រោយពេលមានបញ្ហាឈ្លោះប្រកែកគ្នាមក ពួកខ្លួនបានឈប់ទាក់ទងគ្នារហូត លុះក្រោយមកទៀត មុនពេលដែលខ្លួនត្រូវចេញទៅសម្តែងនៅបរទេស ជនជាប់ចោទបាន គំរាមខ្លួនថា បើខ្លួនហ៊ានចេញទៅសម្តែង គេនឹងធ្វើឱ្យខ្លួនខ្មាសគេពេញពិភពលោក។

ចុងបញ្ចប់ រូបភាពអាក្រាតកាយរបស់ខ្លួនក៏ត្រូវបាន គេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកមែន ហើយរូបទាំងអស់នោះ គឺមានតែនៅក្នុងទូរស័ព្ទរបស់ខ្លួន ដែលជនជាប់ចោទបាន ស្គាល់លេខកូដ និងយកទៅនៅយប់ដែលឈ្លោះគ្នានោះ តែប៉ុណ្ណោះ។

ក្រោយពេលមានរូបភាពអាក្រាតកាយរបស់ខ្លួនត្រូវបានបង្ហោះ គឺដើមបណ្ដឹង បានសន្និដ្ឋានថា មានតែជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្តិ តែម្នាក់គត់ដែលមានរូបទាំងអស់នោះ ទើបសម្រេចចិត្តដាក់ពាក្យប្តឹងតែម្តង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

ដើមបណ្ដឹងបាន ទាមទារឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ៕

https://youtu.be/TsppJCIIvJ0

មតិយោបល់