ព័ត៌មានសេដ្ឋកិច្ច

កាមេរ៉ាសុវត្ថិភាព ៦០០គ្រឿង ពាសពេញទីក្រុងភ្នំពេញ នឹងដាក់ដំណើរការនៅចុងខែកញ្ញា

ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំដំឡើងកាមេរ៉ាសុវត្ថិភាពឲ្យបាន ៦០០គ្រឿង នៅពាសពេញទីក្រុងភ្នំពេញ ហើយគ្រោងនឹងដាក់ដំណើរការជាផ្លូវការ នៅចុងខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ។

កាមេរ៉ាសុវត្ថិភាពទាំង ៦០០គ្រឿងនេះ នឹងគ្របដណ្ដប់ទូទាំង ១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល គ្រប់គ្រងបទល្មើសនានា និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍។

ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ នឹងធ្វើឡើងនៅតាមច្រកសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ខណ្ឌចំការមន ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ១៤៧គ្រឿង ខណ្ឌដូនពេញ ១១៦គ្រឿង ខណ្ឌមករា ៧៥គ្រឿង ខណ្ឌទួលគោក ៥៤គ្រឿង ខណ្ឌដង្កោ ៨គ្រឿង ខណ្ឌមានជ័យ ៥១គ្រឿង ខណ្ឌឫស្សីកែវ ៥៣គ្រឿង ខណ្ឌសែនសុខ ២១គ្រឿង ពោធិ៍សែនជ័យ ២២គ្រឿង ខណ្ឌជ្រោយចង្វារ ១៩គ្រឿង ខណ្ឌព្រែកព្នៅ ៨គ្រឿង និងខណ្ឌច្បារអំពៅ ២៦គ្រឿង។

ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះមិនមែនធ្វើឡើង ដើម្បីតាមដាន និងគ្រប់គ្រងបទល្មើសតែម្យ៉ាងប៉ុណ្ណោះទេ តែវាជាការគ្រប់គ្រងប្រព័ន្ធចរាចរដ៏សំខាន់ផងដែរ។

សម្រាប់សាលារាជធានីភ្នំពេញនឹងបង្កើតទីបញ្ជាការមួយដ៏ធំនៅក្នុងអគាររដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីតាមដានបទល្មើសផ្សេងៗ និងតាមដានប្រព័ន្ធចរាចរណ៍៕

មតិយោបល់