ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិ ប្រកាសផាកពិន័យ ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ

នៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នឹងមានការផាកពិន័យជាទឹកប្រាក់ចំនួន ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេសប្រកាសស្តីពី តម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា សូមរម្លឹកដែរថា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ គឺជាគ្រឹះស្ថានឯកជនរកផលចំណេញ​ហើយគ្រឹះស្ថានទាំងនោះ មិនមែនជារបស់រដ្ឋទេ។

ដូច្នេះ រាល់ការឃោសនាបោកប្រាស់ ដែលថានឹងមានការលុបបំណុលរបស់អតិថិជននោះ មិនមែនជាការពិតទេ ហើយត្រូវទទួលទោសតាមច្បាប់ជាធរមាន។

គួរជម្រាបដែរថា ធនាគារជាតិនៃកម្ពុជា នឹងបន្តពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែង ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ ធនាគារជាតិនៃកម្ពុជា៕

មតិយោបល់