ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មប្រចាំឆ្នាំ អំពី ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ បានប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក សាត សាមី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ការរៀបចំពិព័រណ៍ឧស្សាហកម្មលើកទី ៧ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងជាវេទិកាដ៏សំខាន់ ដើម្បីជម្រុញ និងលើកទឹកចិត្តដល់ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
ការតាំងពិព័រណ៍នេះ បានបញ្ចូលនូវសមាសធាតុសំខាន់ៗទាំងអស់ នៅក្នុងវិស័យឧស្សាហកម្ម មានដូចជា៖ ជ័រប្លាស្ទិច និងកៅស៊ូ ការបោះពុម្ភ ការវេចខ្ចប់ ការកែច្នៃម្ហូបអាហារ គ្រឿងចក្រកសិកម្ម ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត វិស្វកម្មថាមពល និងអគ្គិសនី សម្លៀកបំពាក់ និងវាយនភ័ណ្ឌ។
កម្មវិធីនេះ មានអ្នកចូលរួមតាំងពិព័រណ៍ថ្នាក់ជាតិ និងអន្តរជាតិ ចំនួន ១៧៥ មកពី ១៧ប្រទេស ដើម្បីមកបង្ហាញពីផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយល្អប្រសើរ។
កំណើនសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកជាចំបងលើឧស្សាហកម្មដោយប្រើកម្លាំងពលកម្មមួយចំនួន ជាហេតុធ្វើឲ្យផលិតផលសម្រេចមានតម្លៃទាប ហើយពិព័រណ៍នេះ ក្លាយជាវេទិកាពាណិជ្ជកម្ម សម្រាប់អ្នកជំនួញជាតិ និងអន្តរជាតិ ដែលមានផលិតផលក្នុងវិស័យឧស្សាហកម្មចម្រុះ និងបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញតម្រូវការក្នុងស្រុក៕
មតិយោបល់