ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៦ ត្រូវបានពន្យារដល់ថ្ងៃទី ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារតែនៅមានម្ចាស់អចលនទ្រព្យមួយចំនួនតូច នៅមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធប្រភេទនេះ នៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីម្សិលមិញនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យនេះ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានមកប្រកាសបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ក្នុងការមកប្រកាសបង់ពន្ធនេះ។

យ៉ាងណាមិញ ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធ ក្នុងអំឡុងពេល ឬក្រោយការពន្យារពេលនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។

គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើន ដែលមានអចលនទ្រព្យស្ថិតក្នុងភូមិសាស្រ្តត្រូវជាប់ពន្ធលើអចលនទ្រព្យ នៃរាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា បានមកប្រកាសបង់ពន្ធលើអចលនទ្រព្យរួចរាល់ហើយ សល់តែមួយចំនួនតូចផ្សេងទៀត ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ហើយអគ្គនាយកដ្ឋាន សង្ឃឹមដែរថា ម្ចាស់អចលនទ្រព្យទាំងអស់នឹងរួសរាន់ មកប្រកាសបង់ពន្ធបានទាន់ពេលវេលា និងបានគ្រប់ៗគ្នា តាមការកំណត់ជាក់ជាមិនខាន៕

14502840_1401363449877186_6876532801813779587_n 14479554_1110790369012915_689256225899838880_n

មតិយោបល់