ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០១៦ កម្ពុជា រកចំណូលបាន ៥៥លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ដែលចំនួននេះ គឺកើនឡើង ៣ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីពេលថ្មីៗនេះ។
ភ្ញៀវទេសចរបរទេសជិត ២លាននាក់ បានទិញសំបុត្រចូលទស្សនាតំបន់អង្គរ ដែលចំនួននេះកើនឡើង ៣.៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៥។
រីឯភ្ញៀវទេសចរ ដែលបានទិញសំបុត្រក្នុងខែវិច្ឆិកានេះ មានចំនួនជាង ២សែននាក់ កើនឡើនជិត ១០ភាគរយ ខណៈចំណូលពីការទិញសំបុត្រ គឺប្រមាណ ៦លានដុល្លារអាមេរិក។
លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានលើកឡើងថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍កម្ពុជា ២០១៦-២០២០ ទាក់ទាញភ្ញៀវទេសចរចិន ដែលមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ និងការចំណាយ ហើយក្នុងនោះដែរ ភ្ញៀវទេសចរចិនមកកម្ពុជា មានចំនួនកើនឡើងជារៀងរាល់ឆ្នាំ។
គួរជម្រាបផងដែរថា ក្នុងឆ្នាំ ២០១៥ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជា ៤លាន៨សែននាក់ ដែលក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណជា ៨សែននាក់ ឈរនៅលំដាប់លេខ ២ ដែលចំនួននេះ ហាក់នៅមានកម្រិតនៅឡើយ៕
មតិយោបល់