ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យជាជនបរទេសចំនួន ៤នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី គម្រាមជម្រិតទារប្រាក់។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យទាំង៤នោះ ទី១មានឈ្មោះ Sun Huaming Kane ភេទប្រុស ជនជាតិសឹង្ហបុរី ទី២ឈ្មោះ Ahrun ភេទប្រុស ជនជាតិឥណ្ឌា ទី៣ឈ្មោះ Yee Vincent ភេទប្រុស ជនជាតិម៉ាឡេស៊ី និងទី៤ឈ្មោះ James ភេទប្រុស ជនជាតិសឹង្ហបុរី។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យខាងលើ បានសហការណ៍គ្នា គម្រាមជម្រិតទារប្រាក់ ចំនួន៥០០០ដុល្លារ តាមបណ្ដាញទំនាក់ទំនងសង្គម Wechat ពីជនរងគ្រោះឈ្មោះ Chang Win Hui ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីសាកសួរ និងកសាងសំណុំរឿងរួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/SDIoRS4_LxY
មតិយោបល់