គិតត្រឹម ១១ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៥.៦សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥០ប្រទេស កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាម របាយការណ៍អំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៧ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ១៦ម៉ឺនតោន រីឯបារំាង ជាទីផ្សារធំទី ២ ទិញអង្ករជាង ៧ម៉ឺនតោន និងប៉ូឡូញ ទិញ ៤.១ម៉ឺនតោន។
អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណៈអង្ករថៃ ជាប់លេខ ១ ក្នុងឆ្នាំនេះ។
អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ ក្នុងការប្រកួតជ្រើសរើសអង្ករល្អបំផុតលើពិភពលោក អង្ករកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ខណៈអង្ករថៃ ជាជ័យលាភីលេខ ១ និងលេខ ៣ បានទៅប្រទេសវៀតណាម។
កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។
តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕
មតិយោបល់