បន្ទាប់ពីទទួលបានជោគជ័យជាមួយនឹងបទ Original ២បទ តារាចម្រៀងលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងដែលត្រូវឪពុកម្ដាយបោះបង់អោយរស់នៅក្នុងមណ្ឌលតាំងពីកុមារភាពដោយមិននឹកនានោះ បានចេញបទចម្រៀងទី៣របស់ខ្លួនជាផ្លូវការហើយកាលពីដំណាច់ខែសីហាមុននេះ ដោយបទចម្រៀងរបស់លោកគឺមានខ្លឹមសារឆ្លើយឆ្លងជាមួយម្ចាស់ដើមគឺលោកស្រី រស់ សេរីសុទ្ធានោះផង។ បទទី៣របស់លោកនេះ គ្រាន់តែបានបង្ហោះភ្លាមមានការចាប់អារម្មណ៍ភ្លែតតែម្ដង ដោយលោកនឹងត្រៀមផលិតជាMV អោយទាក់ទាញនោះផង។
បទចម្រៀងដែលលោកចេញបង្ហោះនេះគឺមានចំណងជើងថា«សុំទោសដែលអោយអូនចាំ» ដោយអត្ថន័យទាំងស្រុងនៅក្នុងបទចម្រៀងគឺមានន័យគ្រប់គ្រាន់ឆ្លើយតបទៅនឹងខ្លឹមសារបទចម្រៀងដែលមានចំណងជើងថា«អូននៅតែចាំ»របស់តារាចម្រៀងរស់ សេរីសុទ្ធា ដែលបានល្បីល្បាញតាំងពីក្នុងជំនាន់សង្គមរាស្រ្តនិយម។ នេះជាបទចម្រៀងលើកដំបូងដែលលោកផលិតឡើងក្នុងទម្រង់ជាប្រភេទបទចម្រៀងដែលបានចម្លងសាច់ភ្លេងពីបទដែលមានស្រាប់ បន្ទាប់ពីលោកត្រូវគេឃើញបញ្ចេញតែប្រភេទ Original Song ដោយបទនិពន្ធថ្មីរបស់លោកគឺចេញចំនួន២លើកកន្លងទទួលបានការចាប់អារម្មណ៍គួរអោយកត់សម្គាល់រួចមកហើយ។ លោកអះអាងថាខ្លួនស្រឡាញ់អត្ថន័យក្នុងបទចម្រៀង«អូននៅតែចាំ»របស់លោកស្រី រស់ សេរីសុទ្ធា និងចង់រំលឹកស្នាដៃបទនេះអោយមានការចាប់អារម្មណ៍ជាថ្មី ទើបលោកសម្រេចចិត្តជ្រើសយកសាច់ភ្លេងបទនោះមកផលិតជាមេឡូឌីថ្មី ហើយនិពន្ធខ្លឹមសារអោយស៊ីនឹងបទម្ចាស់ដើម ដើម្បីជាឆ្លើយឆ្លងសាច់រឿងជាមួយតារាចម្រៀងលោកស្រី រស់ សេរីសុទ្ធា។
លោកវង្ស ថាណាន់ មានការរំពឹងគួរសមបន្ទាប់ពីបទឆ្លើយតបបទរបស់ម្ចាស់ដើម គឺអ្នកស្រី រស់ សេរីសុទ្ធា មួយនេះ ទើបតែដាក់បង្ហោះនៅលើYoutube បានតែប៉ុន្មានថ្ងៃក៏ទទួលបានការចាប់អារម្មណ៍ ដោយលោកថាការបញ្ចេញបទនេះគឺមានអ្នកស្ដាប់ទាំងបទរបស់លោក និងបទ«អូននៅតែចាំ»របស់ម្ចាស់ដើមដែលហាក់ដូចជាតសាច់រឿងគ្នាតែម្ដង។ នេះជាចម្រៀងCover លើកដំបូងដែលលោកបានផលិតឡើងក្រោយពីបានចាកចេញពីមណ្ឌល ហើយសុំគេច្រៀងតាមហាងរហូតមានលុយខ្លះៗក្នុងការផលិតចម្រៀងផ្ទាល់ខ្លួន ប៉ុន្តែលោកថាខ្លួនមិនបន្តប្រកាន់ជំហរបន្តចម្លងសាច់ភ្លេងរបស់ម្ចាស់ដើមមកផលិតបែបនេះដដែលៗនោះទេ គឺលើកលែងតែបទចម្រៀងនោះមានសាច់ភ្លេងពីរោះ និងមានខ្លឹមសារអាចអោយលោកយកបំផុសបទពីដើមនោះបានដូចករណីបទនេះ។ ក្រោយពីចាកចេញពីមណ្ឌលកុមារកំព្រាក្រោយឪពុកម្ដាយបោះបង់នៅខេត្តកំពង់ស្ពឺ លោកថាខ្លួនផលិតបានបទផ្ទាលខ្លួនចំនួន៣បទហើយ ដោយក្នុងនោះមានបទ Original Song ២បទ និងបទឆ្លើយឆ្លងអត្ថន័យជាមួយលោកស្រីរស់ សេរីសុទ្ធា គឺបទ«សុំទោសដែលអោយអូនចាំ»ទើបតែបង្ហោះនេះ៕
https://www.youtube.com/watch?v=LwRuDbPlnKw
មតិយោបល់