ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាននិងកំពុងសិក្សា លទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិធុនស្រាល (AGT) ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៣គីឡូម៉ែត្រ និងចំណាយប្រមាណ ៦០០លានដុល្លារអាមេរិក។
រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីតំណាង JICA គឺពួកគេអាចចាប់ផ្តើមសិក្សាពីចំនុចមហាវិថីព្រះមុនីរ៉េត (ស្តាតអូឡាំពិក) ទៅកាន់ចោមចៅ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។
កាលពីខែមិថុនា ឆ្នាំ ២០១៦កន្លងទៅនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក Hideki Miyauchi អនុរដ្ឋមន្រ្តីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ស្តីអំពីគម្រោងដំណើរការប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិឬគ្មានមនុស្សបើកនេះ ហើយក៏ទទួលបានការឆ្លើយតបជាវិជ្ជមានផងដែរ។
នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕
មតិយោបល់