ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា អាចរកចំណូលបានយ៉ាងតិច ៥០០លានដុល្លារ ពីប្រេងកាត នៅអណ្តូងអប្សរា ប្លុកA

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កម្ពុជា អាចនឹងរកចំណូលយ៉ាងតិច ៥០០លានដុល្លារអាមេរិក ពីអណ្តូងប្រេងកាតអប្សរា នៃប្លុក A បើសិនក្រុមហ៊ុន KrisEnergy សម្រេចអភិវឌ្ឍន៍គម្រោងរបស់ខ្លួននោះ។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន KrisEnergy សម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A ដែលជាគម្រោងប្រេងកាតទី ១ និងបើកសករាជឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេង។

គិតចាប់ពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧ ក្រុមហ៊ុន KrisEnergy មានរយៈពេល ៦០ថ្ងៃ ដើម្បីសម្រេចចិត្តចុងក្រោយ ថានឹងអភិវឌ្ឍន៍គម្រោងនេះឬទេ។

គម្រោងនេះ គឺជាគម្រោងប្រេងកាតទី ១ ហើយ ដែលនឹងជម្រុញឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេង និងឈានទៅធ្វើការរុករកបន្ថែមទៀតលើប្លុកប្រេងកាត ដែលនៅទំនេរ ក្នុងចំណោមប្លុកប្រេងកាត ៦ នៅដែនសមុទ្រ និង ១៨ប្លុក នៅដែនគោក។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មលើកទី ១ របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី ១ នៃប្លុក A។

យោងតាមផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុន តំណក់ប្រេងដំបូងរបស់ជំហាន 1A នឹងផលិតប្រេងដំបូង ក្នុងរយៈពេល ២ឆ្នាំទៀត គឺនៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា តាមការប៉ាន់ស្មាន និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង 1A និង 1B គឺអាចមានធនធានប្រេងកាតលើសពី ៣០លានបារ៉ែល ក្នុងរយៈពេល ៩ឆ្នាំ ដែលអាចឲ្យកម្ពុជា ក្លាយជាប្រទេសផលិតប្រេងឆៅមួយ នាពេលអនាគត។

គួរជម្រាបដែរថា តំបន់កិច្ចសន្យាប្លុក A កម្ពុជា មានទំហំជាង ៣ពាន់គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ មានជម្រៅទឹកចន្លោះពី ៥០ម៉ែត្រ ទៅ ៨០ម៉ែត្រ៕

មតិយោបល់