រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រសួងបាន និងកំពុងតែរៀបចំគោលនយោបាយ សម្រាប់ធ្វើការអភិវឌ្ឍផលិតផលដែលមានស្រាប់ ដូចជាដំឡូងមី សម្រាប់កែច្នៃឱ្យទៅជាផលិតផល ដែលមានសក្ដានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងក្រៅប្រទេសថែមទៀត។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ផែនការ និងទិសដៅសម្រាប់ឆ្នាំខាងមុខ ក្រសួងកំពុងតែជំរុញការអភិវឌ្ឍផលិតផលដែលមានស្រាប់ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ផលិតផលថ្មីៗ ដូចជាដំឡូងមី ម្រេចជាដើម ដើម្បីធ្វើពិពិធកម្ម និងជំរុញការនាំចេញ ផលិតផល ដែលមានសក្តានុពល ដូចជា ស្វាយ ចេក ស្ករស ស្ករត្នោត ថ្មចម្លាក់ សូត្រ អំពៅ និងផ្កាចំប៉ីជាដើម។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ ដំឡូងមី ជាវិស័យទី ២ បន្ទាប់ពីអង្ករ ដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃឱ្យទៅជាផលិតផលសម្រេច ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសថែមទៀត។
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ចំពោះ ការជំរុញ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍផលិតផលតាមមុខទំនិញនីមួយៗ ការងារគ្រប់គ្រងគុណភាព និងសុវត្ថិភាពទំនិញ ការងារស្ថិរភាពថ្លៃទំនិញ និងគ្រប់គ្រងអតិផរណាទំនិញ នៅលើទីផ្សារក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពប្រជាជននៅមូលដ្ឋាន ជាពិសេសអ្នកផលិត និងអ្នកដាំដុះ។
ក្រៅពីនេះ ក្រសួងបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការថែរក្សាទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗបន្ថែម តាមរយៈលើកទឹកចិត្តដល់ វិស័យឯកជន ឱ្យខិតខំបង្កើតគំនិតច្នៃប្រឌិត ផលិតនូវទំនិញថ្មីៗ សម្រាប់បម្រើទីផ្សារទាំងក្នុង ប្រទេសនិងជំរុញការនាំចេញ។
ជាចុងក្រោយ ដើម្បីបង្កភាពងាយស្រួលដល់ បរិយាកាសអាជីវកម្ម ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការនូវការចុះបញ្ជីក្រុមហ៊ុន សហគ្រាស ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ការទូទាត់កម្រៃសេវា ការស្នើសុំម៉ាកពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សំដៅកាត់បន្ថយពេលវេលា និងការចំណាយមិន ផ្លូវការផ្សេងៗ៕
មតិយោបល់