ព័ត៌មានសេដ្ឋកិច្ច

វៀតណាម សម្រេចផ្តល់ថរិកាជាង ៥លានដុល្លារ ស្ថាបនាផ្លូវបេតុងវែងជាងគេនៅភ្នំពេញ

វៀតណាម បានសម្រេចផ្តល់ថវិកា ៥០ភាគរយ ស្នើនឹងជាង ៥លានដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ដែលជាផ្លូវបេតុងវែងជាងគេក្នុងក្រុងភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ភាគីវៀតណាម ចូលរួមកែលម្អផ្លូវហាណូយ ប្រវែង ១០គីឡូម៉ែត្រ ដែលជាផ្លូវបេតុងវែងជាងគេ ក្នុងរាជធានីភ្នំពេញ ដើម្បីទុកជាចំណងដៃមិត្តភាពអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

​​រាជធានីភ្នំពេញ នឹងទីក្រុងហាណូយ បានចងសម្ព័ន្ធភាព នឹងគ្នាគិតមកទល់ពេលនេះ មានរយៈពេល ១២ឆ្នាំហើយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ នៃការអភិវឌ្ឍន៍ទីក្រុង និងពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងការងារអប់រំ សុខាភិបាល ទេសចរណ៍ និងសេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ។

បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតែយកចិត្តទុកដាក់ ដោយដាក់ចេញផែនការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ក្នុងរាជធានី ផ្លូវខ្សែក្រវ៉ាត់ក្រុង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាចម្បងសម្រាប់អភិវឌ្ឍន៍។

គួរបញ្ជាក់ថា វៀតណាម នឹងជួយសាងសង់ទីចាត់ការ និងអគារសិក្សាដ៏ធំ នៅសាលាបឋមសិក្សាភ្នំដូនពេញផងដែរ៕

មតិយោបល់