ព័ត៌មានសេដ្ឋកិច្ច

រោងចក្រ ខនស៍ ស៊ីម៉ងតិ៍ បាត់ដំបង បោះទុន២៣០លានដុល្លារ ផលិតស៊ីម៉ងតិ៍ ១ម៉ឺនតោន/ថ្ងៃ

ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីហុងកុង បានបោះទុនរួមគ្នាប្រមាណ ២៣០លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតស៊ីម៉ងតិ៍ នៅខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតបាន ១ម៉ឺនតោន ក្នុងមួយថ្ងៃ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងរ៉ែ និងថាមពល ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្នុងនោះដែរ រោងចក្រ មានខ្សែចង្វាក់ផលិតកម្មចំនួន ២ខ្សែ ដោយខ្សែចង្វាក់ផលិតកម្មនីមួយៗ អាចផលិតស៊ីម៉ងតិ៍បាន ៥០០០តោនក្នុងមួយថ្ងៃ រីឯប្រព័ន្ធកិនស៊ីម៉ងតិ៍ មានសមត្ថភាពផលិតបានរហូតដល់ ២លាន២សែនតោន ក្នុងមួយឆ្នាំ។

រោងចក្រនេះ ចាប់ផ្តើមសាងសង់កាលពីខែ តុលា ឆ្នាំ ២០១៧កន្លងទៅ ហើយគ្រោងនឹងចាប់ដំណើរការផលិតស៊ីម៉ងតិ៍ជាផ្លូវការ នៅខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។

នៅពេលរោងចក្រចាប់ផ្តើមដំណើរការ គឺអាចផ្គត់ផ្គង់ស៊ីម៉ងតិ៍ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តបាត់ដំបង និងតំបន់ជុំវិញ ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង និងក្រៅតំបន់ ហើយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៥០០កន្លែងផងដែរ។

គួរបញ្ជាក់ដែរថា រោងចក្រផលិតស៊ីម៉ងតិ៍ ខនស៍ បាត់ដំបង មានទីតាំងស្ថិតនៅភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

មតិយោបល់