គម្រោងទីក្រុងអូឡាំព្យា បានស្នើសុំទៅ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើង នៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ គម្រោងទីក្រុងអូឡាំព្យា។
នៅពេលនេះ ស្ពានអាកាសនេះ បានចេញជារូបរាង 3D ហើយ ដែលនឹងបង្ហាញខ្លួន នៅភាគជើងនៃ ពហុកីឡដ្ឋានជាតិអូឡាំពិក។
គួររម្លឹកថា អាជ្ញាធរពាក់ព័ន្ធ បានឯកភាពក្នុងសំណើនេះ នឹងបានស្នើឲ្យ ក្រុមហ៊ុន សិក្សាលម្អិតផ្នែកបច្ចេកទេស និងផលប៉ះពាល់ផ្សេងៗ នៅទីតាំងជាក់ស្តែង។
ទីក្រុងអូឡាំព្យា ត្រូវបានវិនិយោគដោយក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) សាងសង់ឡើងលើផ្ទៃដី ១០ហិកតា សរុបមានបួនអគារ ដែលអគារនីមួយៗមានកម្ពស់ ២០ជាន់ ឋិតនៅភាគខាងជើងនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
បណ្តុំនៃអគារពាណិជ្ជកម្មនេះរួមមាន អគារស្នាក់នៅ ផ្សារទំនើប អគារការិយាល័យ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងភោជនីយដ្ឋានជាដើម។
គួរបញ្ជាក់ថា ប្រសិនបើគម្រោងស្ពានអាកាសថ្មើរជើងនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ នឹងពង្រីកគម្រោងស្ថាបនានេះ នៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដូចជា នៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារជាដើម៕
មតិយោបល់