ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ល្វែងក្រោម និងម៉ូតូ៤០គ្រឿង នៅកំពង់ធំ!

កំពងធំៈ លោកវរសេនីយ៍ឯក ហៀង ហ៊ល ស្នងការរងខេត្តកំពង់ធំ ទទួលផែនអគ្គិភ័យ បានប្រាប់ Post News ថា មានហេតុការណ៍មួយបានកើតឡើង ដោយអគ្គិភ័យបានឆេះផ្ទះល្វែងថ្មរបស់ប្រជាពលរដ្ឋ១ល្វែង បណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ស្រុកស្ទឹងសែន ខេត្តកំពងធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ គឺជាផ្ទះរបស់អាជីវករលក់ម៉ូតូរបស់ឈ្មោះ ទៀក យ៉ុងឈីង ភេទប្រុស អាយុ៣១ឆ្នាំ បណ្តាលឲ្យឆេះខូចខាតផ្ទះល្វែងជាន់ក្រោម ឆេះម៉ូតូ៤០គ្រឿង និងសម្ភារៈមួយចំនួនទៀតផងដែរ។ មូលហេតុតាមការបំភ្លឺរបស់ម្ចាស់ផ្ទះ ថាបណ្តាលមកពីករណីទូស្សេខ្សែភ្លើង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រាប់ថា នៅក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះពន្លត់នោះ លោកស្នងការ បានដឹកនាំកម្លាំងនគរបាល និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ជួយអន្តរាគមន៍សង្គ្រោះពន្លត់ភ្លើងបានរលត់ចប់រួចរាល់ នៅវេលាម៉ោង៨និង៣០នាទីយប់៕

មតិយោបល់