ព័ត៌មានសេដ្ឋកិច្ច

ទ្រព្យសកម្មរបស់ធនាគារ ABA កើនដល់ជិត ២០០០លានដុល្លារ ក្នុងឆ្នាំនេះ

ទ្រព្យសកម្មរបស់ធនាគារ ABA បានហក់ឡើងដល់ជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨នេះ ក្រោយធនាគារជាតិកាណាដា បានក្លាយជាភាគទុកនិក ៩០ភាគរយលើធនាគារនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។

លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា បានបញ្ជាក់ថា ក្រោយពេលដែលធនាគារជាតិកាណាដា បានប្រកាសធ្វើជាម្ចាស់ភាគហ៊ុនស្ទើរទាំងស្រុងក្នុង ធនាគារ ABAនៅកម្ពុជា កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ មកនោះ លំហូរមូលធន និងទ្រព្យសកម្មរបស់ធនាគារមួយនេះ បានបន្តកើនឡើងជាបន្តបន្ទាប់ពីជាង ១ពាន់លានដុល្លារ រហូតដល់ជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ។

លោក Louis Vachon បានបញ្ជាក់ថា ការកើនឡើង នៃទ្រព្យសកម្មនេះ គឺបានមកពីកំណើនអតិថិជនប្រើប្រាស់សេវាកម្មរបស់ធនាគារកើនឡើង ទើបធ្វើឱ្យធនាគារចាំបាច់ត្រូវបន្ថែមទុន និងពង្រីកសាខាឱ្យបានច្រើនបន្ថែម ដោយនឹងបន្ថែមឱ្យបាន ១១សាខាទៀតនៅក្នុងឆ្នាំ ២០១៨នេះផងដែរ។

លោកបន្ថែមថា អតិថិជន ដែលបាននិងកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA បានកើនដល់ជាង២៥ម៉ឺននាក់ ដោយក្នុងនោះជាង ១២ម៉ឺននាក់ បាននិងកំពុងប្រើប្រាស់សេវាកម្មធនាគារតាមកម្មវិធីទូរស័ព្ទដៃ។

​លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABAប្រចាំកម្ពុជា បានលើកឡើងថា ការបើកអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលនេះ ក្នុងគោលបំណង ពង្រឹងគុណភាពសេវាអតិថិជនឱ្យប្រសើរឡើង ដើម្បីជាការឆ្លើយតបនឹងកំណើនអតិថិជន ដែលបន្តកើនឡើងជាលំដាប់។

លោកបានបន្ដថា ការជួសជុល និងកែលម្អអគារថ្មីទាំងអស់នេះ គឺបានបង្ហាញយ៉ាងច្បាស់ក្នុងការគាំទ្រដ៏រឹងមាំពីសំណាក់ភាគហ៊ុនិកដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបម្រើសេវាជូនប្រជាជនកម្ពុជា។

​​គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ កន្លងមកនេះ ធនាគារជាតិកាណាដា បានប្រកាសទិញភាគទុនិកក្នុងធនាគារ ABA រហូតដល់៩០ភាគរយ នៃភាគហ៊ុនសរុប ដើម្បីបន្ថែមនូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រីកសាខានៅតាមទីតាំងភូមិសាស្ត្រនានា ឱ្យរក្សាបាននូវកម្រិតមូលធនគ្រប់គ្រាន់ ជាពិសេសគឺផ្តោតសំខាន់លើម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលអាចទទួលបាននូវប្រាក់កម្ចី ដើម្បីពង្រីកអាជីវកម្ម របស់ខ្លួនបន្ថែម៕

មតិយោបល់