ភ្នំពេញៈ កម្ពុជា ទទួលបានពានរង្វាន់ល្អប្រសើរ ៣ ពីពិព័រណ៍ចិន-អាស៊ាន លើកទី ១៣ ដែលផ្តល់ជូនដោយ គណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន។ នេះបើយោងតាមការជម្រាបជូនសាធារណជនរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។
ពានរង្វាន់ ៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបាន នាឱកាសបញ្ចប់ពិព័រណ៍ រួមមាន៖
១. ពានរង្វាន់ល្អប្រសើរ លើការរៀបចំអ្នកស្វែងរកដៃគូធ្វើធុរកិច្ច
២. ពានរង្វាន់ល្អប្រសើរ លើការរៀបចំពន្លាជាតិ
៣. ពានរង្វាន់ល្អប្រសើរ ស្តីពីការជម្រុញសហប្រតិបត្តិការវិនិយោគ។
ក្រសួងពាណិជ្ជកម្ម បានសម្តែងពីសេចក្តីសោមនស្ស ក្នុងការទទួលបានពានរង្វាន់នេះ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយក្រសួងនឹងខិតខំបន្តកិច្ចការចូលរួមពិព័រណ៍ឲ្យទទួលបានជោគជ័យ នៅឆ្នាំក្រោយទៀត ក្នុងគោលបំណងលើកស្ទួយកិត្តិយសជាតិ ជម្រុញសកម្មភាពពាណិជ្ជកម្ម ព្រមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស ឲ្យមកវិនិយោគ និងចូលទស្សនាប្រទេសកម្ពុជា កាន់តែច្រើនឡើង។
គួរជម្រាបផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី ១៣ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ១១-១៤ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីក្រុងណាន់នឹង ខេត្តក្វាងស៊ី ប្រទេសចិន និងទទួលបានជោគជ័យគួរជាទីមោទនៈ៕



មតិយោបល់