ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន ៦ សន្យាមិនតម្លើងថ្លៃសំបុត្រធ្វើដំណើរ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ក្រុមហ៊ុនចំនួន ៦ បានសន្យា និងប្តេជ្ញាមិនតម្លើងថ្លៃសំបុត្រធ្វើដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅលេងស្រុកកំណើត។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយ ក្រុមហ៊ុនដឹកអ្នកដំណើរក្នុងស្រុក និងក្រៅស្រុក សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ និងបានណែនាំ កុំឲ្យមានការតម្លើងថ្លៃសំបុត្រធ្វើដំណើរផងដែរ។

ក្នុងកិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើចំណុចជាច្រើនទៀត ដូចជា ណែនាំអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដើម្បីធានាបាននូវសុវត្ថិភាព បើកបរដោយការយោគយល់អធ្យាស្រ័យនិងសុជីវធម៌ខ្ពស់ និងមិនត្រូវធ្វើឲ្យកកស្ទះលំហូរចរាចរណ៍ ពេលចូលចតយានយន្ត។

ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ ចៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំង ៦ រួមមាន ក្រុមហ៊ុន ពន្លឺអង្គរ ក្រុមហ៊ុនវីរៈប៊ុនថាំ ក្រុមហ៊ុន Giant Ibis Transport ក្រុមហ៊ុន Ding Xing ក្រុមហ៊ុន ឡារីតា Express និងក្រុមហ៊ុន មិហុង ផងដែរ៕

មតិយោបល់