សាលារាជធានីភ្នំពេញ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណៈកម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។
សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញរហូតដល់ទៅ ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ២៥ ខែកញ្ញា ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋមិនត្រូវបញ្ចេញសំរាមមកទុកដាក់ខាងក្រៅផ្ទះ ឬទុកចោលតាមទីសាធារណៈនោះឡើយ។
យ៉ាងណាមិញ ក្រុមហ៊ុនស៊ិនទ្រី នឹងបន្ថែមធុងសំរាមធំៗ ពង្រាយតាមទីតាំងសំខាន់ៗតាមដងផ្លូវសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋអាចយកសំរាម មកទុកដាក់ឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលនេះ។
ដូច្នេះ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ វេចខ្ចប់ទុកដាក់សំរាមនៅផ្ទះសិន ចាំដល់ពេលបុណ្យភ្ជុំបិណ្ឌចប់ សឹមបញ្ចេញមកវិញ។
គួរជម្រាបដែរថា ការប្រមូលសំរាមនៅថ្ងៃធម្មតា មានប្រមាណពី ១៨០០តោន ទៅ ១៩០០តោន ត្រូវបានដឹកចេញទៅកាន់ទីលានចាក់សំរាមនៅ ខណ្ឌដង្កោ៕


មតិយោបល់