ព័ត៌មានអន្តរជាតិ

ករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារមួយនៅអ៊ីរ៉ាក់ ស្លាប់មនុស្ស ៨៣ នាក់ និងរបួស ៩៣ នាក់

អ៊ីរ៉ាក់ៈ ប្រភពពីមន្ទីរពេទ្យខេត្តមួយ បាននិយាយថា មនុស្សរហូតដល់ ៨៣ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៩៣ នាក់ទៀតបានរងរបួស បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងការបាញ់ប្រហារមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅជិតទីក្រុង Nasriyah ក្នុងខេត្ត Dhi Qar ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

លោក Jasim al-Khaledi ប្រធានមន្ទីរសុខាភិបាលខេត្ត បាននិយាយថា «ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង ខណៈដែលភាគច្រើននៃអ្នករងរបួស កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយហេតុការណ៍វាយប្រហារពីរលើកជាប់ៗគ្នា»។

ការវាយប្រហារនេះដែរ បានកើតឡើងកាលពីថ្ងៃរសៀល នៅពេលដែលខ្មាន់កាំភ្លើង បានវាយប្រហារនៅភោជនីយដ្ឋានមួយ ក្នុងតំបន់ Fadak ភាគខាងលិចទីក្រុង Nasriyah ចម្ងាយប្រហែល ៣៧៥ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងបាកដាដ ស្របពេលដែលការវាយប្រហារមួយទៀត ដោយរថយន្តបំផ្ទុះគ្រាប់បែកមួយ នៅច្រកសន្តិសុខក្បែរទីតាំងភោជនីយដ្ឋាននោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអ៊ីនធឺរណែត ក្រុមរដ្ឋអ៊ីស្លាម IS បានចេញមកអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារពីរលើកនេះផងដែរ៕

មតិយោបល់